ក្រសួងបរិស្ថានបន្តគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិនិងដៃគូជំរុញភាពស្អាតនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦–ក្រសួងបរិស្ថានបន្តផ្តល់ការគាំទ្របន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព និងអង្គការ សមាគម ពាក់ព័ន្ធវិស័យបរិស្ថាន ដើម្បីចូលរួម លើកកម្ពស់ភាពស្អាតនៅតាមមូលដ្ឋាន និងពង្រីកគោលដៅដើម្បីភាពស្អាតបន្ថែមនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ផ្តល់ជូនម៉ូតូកង់បី ដឹកសំរាមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាព និងដៃគូពាក់ព័ន្ធ ចំនួន៣៦គ្រឿងបន្ថែមទៀត នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ 
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីជំរុញភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានក៏បន្តជំរុញសកម្មភាពការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក គឺជាការងារអាទិភាព មួយក្នុងចំណោមការងារអាទិភាពសំខាន់ៗ សម្រាប់ឆ្នាំ២០២៦នេះ។ ក្រសួងបរិស្ថាន បានគ្រោងបន្តផ្តល់ជូនរថយន្តដឹកសំរាម ចំនួន ១០គ្រឿងបន្ថែម ដែលពេលនេះបានដឹកជញ្ជូនពីប្រទេសជប៉ុនមកដល់កំពង់ផែក្រុងព្រះសីហនុ និងកំពុងរៀបចំនីតិវិធីបន្ត យកមកក្រសួងបរិស្ថានឆាប់ៗខាងមុខនេះ ហើយក៏បានគ្រោងទិញធុងសំរាម ចំនួន ៥០០០០ធុង សម្រាប់ ចែកជូនដល់រាជធានី-ខេត្តទាំង១៩ទៀត ព្រមទាំងឡដុតសំរាម ចំនួន ៤គ្រឿងផងដែរ។

សូមបញ្ជាក់ថាក្រសួងបរិស្ថានបានប្រគល់ម៉ូតូដឹកសំរាមចំនួន ៣៦ គ្រឿងបន្ថែមទៀត ដល់មន្ទីរបរិស្ថានខេត្តព្រះវិហារ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលឃុំថ្មដារ មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មន្ទីរបរិស្ថានខេត្តកោះកុង និងកោះស្រឡៅ ដៃគូពាក់ព័ន្ធវិស័យបរិស្ថាននៅខេត្តកំពត អង្គការសម្អាតទន្លេ និងសមុទ្រសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមសមាគមកសិករដើម្បីអភិវឌ្ឍជីវភាព រដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលស្រុកពញាក្រែក រដ្ឋបាលស្រុកត្បូងឃ្មុំ រដ្ឋបាលស្រុកក្រូចឆ្មារ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញការញែកសំរាម សំណល់រឹង តាមរយៈការផ្តល់ធុងដាក់សំរាម សម្រាប់ការញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក នៅតាម សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ដោយសារការសង្រ្គាមឈ្លានពាន កន្លងមកនេះ សរុប ចំនួន ១១៧៦១ធុង ក្នុងនោះ ខេត្តចំនួន៦ រួមមាន ត្បូងឃ្មុំ ចំនួន ៣.៤០៥ធុង ,ពោធិ៍សាត់ ចំនួន ២.៤៥៤ធុង កែប ចំនួន ១៥០ ,កំពត ចំនួន២.៣៥៨ធុង, ព្រះសីហនុ ចំនួន ៨២៨ធុង និងកោះកុង ចំនួន ៩៣៩ធុង និងមណ្ឌលភៀសសឹក ចំនួន ១៤៨០ធុង និងក្រុងដូនកែវ ១៤៧ធុង។

កន្លងមកនេះផងដែរ ក្រសួងបរិស្ថាន បានផ្តល់ការគាំទ្រដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងអង្គភាព ដៃគូពាក់ព័ន្ធវិស័យបរិស្ថាននូវមធ្យោបាយសម្ភារ មានជាអាទិ៍ ឡដុត សំរាម ៦៣គ្រឿង ម៉ូតូដឹកសំរាម ១៦១គ្រឿង រថយន្តដឹកសំរាម ១០៦គ្រឿង និងមធ្យោបាយ មួយចំនួនទៀតផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន





