គ្រោះទឹកជំនន់ធ្ងន់ធ្ងរបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- គ្រោះទឹកជំនន់ដ៏រីករាលដាលដែលបង្កឡើងដោយភ្លៀងមូសុងដ៏ខ្លាំងកំពុងវាយប្រហារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
នៅក្នុងប្រទេសថៃ កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃបានចល័តបុគ្គលិកក្រុមគ្រូពេទ្យ និងឧបករណ៍ទៅកាន់ខេត្តសុងក្លា ដែលជាចំណុចកណ្តាលនៃគ្រោះទឹកជំនន់ និងបានបង្កើតតំបន់ប្រតិបត្តិការចំនួនបួន ដើម្បីសម្របសម្រួលការងារជួយសង្គ្រោះ និងជម្លៀសប្រជាជនចេញ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ស៊ីរីពង្ស អង្គការសាគុលគៀត (Siripong Angkasakulkiat) បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃបានកើនឡើងដល់៣៣នាក់ ដែលភាគច្រើនបណ្តាលមកពីទឹកជំនន់ភ្លាមៗ ការឆក់ចរន្តអគ្គិសនីនិងការលង់ទឹក។
នៅពេលមុននេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសអាសន្ននៅក្នុងខេត្តសុងក្លា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរដែលបានជន់លិចស្រុកហាតយ៉ៃ និងតំបន់ជុំវិញ ដោយបង្ខំឱ្យមនុស្សជាង ១.២០០នាក់ភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសថៃ ប្រជាជនជាង៩៨០.០០០គ្រួសារ ដែលស្មើនឹង ២,៧លាននាក់ បានរងផលប៉ះពាល់។
ក្រៅពីប្រទេសថៃ ប្រទេសជិតខាងក៏កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ។ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនជាង២១.០០០នាក់ត្រូវបានជម្លៀសចេញ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយមានរដ្ឋចំនួនដប់រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង។
រដ្ឋកេឡាន់តាន់ នៅតែជារដ្ឋដែលរងគ្រោះខ្លាំងបំផុត ដោយបានផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ៩.៦៤២នាក់នៅមជ្ឈមណ្ឌលសង្គ្រោះចំនួន៥២កន្លែង។ រដ្ឋប៉េរ៉ាក រដ្ឋសេឡាំងហ្គោ និងរដ្ឋកេដាហ៍ ក៏កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ។
នៅប្រទេសឥណ្ឌូណេស៊ី ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ និងការបាក់ដីដ៏សាហាវនៅលើកោះស៊ូម៉ាត្រា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងបណ្តាលឱ្យមនុស្ស ០៦នាក់បាត់ខ្លួន។
ក្រុមជួយសង្គ្រោះកំពុងប្រឈមមុខនឹងការលំបាកក្នុងការចូលទៅកាន់ភូមិភ្នំដាច់ស្រយាល បន្ទាប់ពីទន្លេដែលហូរច្រោះបានហូរយកភក់ ថ្ម និងដើមឈើចូលទៅក្នុងសហគមន៍។ នៅក្នុងទីក្រុងស៊ីបុលហ្គា ដែលរងគ្រោះខ្លាំងបំផុត សាកសពចំនួន ០៥នាក់ត្រូវបានរកឃើញ ខណៈដែលការបាក់ដីនៅស្រុកតាប៉ានូលីកណ្តាលបានកប់ផ្ទះជាច្រើនខ្នង ដោយសម្លាប់សមាជិកគ្រួសារមួយ។ លំនៅដ្ឋានប្រមាណជិត ២.០០០ខ្នង និងកន្លែងសាធារណៈនៅទូទាំងកោះស៊ូម៉ាត្រាខាងជើងត្រូវបានជន់លិច។
អាជ្ញាធរមូលដ្ឋានបានបង្កើតជម្រកសង្គ្រោះបន្ទាន់ និងបានជំរុញឱ្យប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ជម្លៀសចេញជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងនៅតែបន្ត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





