រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេដ អាប់បាស អារ៉ាហ្គជី (Seyed Abbas Araghchi) គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី ការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីយប់ថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្គាអី (Esmaeil Baghaei) បានប្រកាសថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសបារាំង លោក ជីន ណូអែល បាររ៉ុត(Jean-Noel Barrot)។
លោក បាហ្គាអី បាននិយាយថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាស្ថានភាពរបស់ពលរដ្ឋអ៊ីរ៉ង់ លោក ម៉ាហ៍ឌីហ៍ អេសហ្វានដៀរី (Mahdieh Esfandiari) ដែលទើបតែត្រូវបានដោះលែងដោយមានលក្ខខណ្ឌ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជាច្រើនខែនៅប្រទេសបារាំង។
លោកបានបន្ថែមថា «នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ជំហររបស់អ៊ីរ៉ង់នឹងត្រូវបានបញ្ជាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បញ្ហាអន្តរជាតិសំខាន់ៗ កិច្ចព្រមព្រៀងជាមួយប្រទេសដទៃទៀតដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងបញ្ហាពាក់ព័ន្ធផ្សេងទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





