លោក ស៊ី ជីនពីង ជួបជាមួយព្រះមហាក្សត្រនៃប្រទេសតុងហ្គា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយព្រះមហាក្សត្រ ទូពូទី៦ (Tupou VI) នៃព្រះរាជាណាចក្រតុងហ្គា ដែលកំពុងយាងបំពេញទស្សនកិច្ច កាលពីថ្ងៃអង្គារ ដោយលោកបានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការសម្របសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសតុងហ្គា។
លោក ស៊ី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសតុងហ្គាលើវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម និងនេសាទ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ការថែទាំសុខភាព និងវេជ្ជសាស្ត្រ ទេសចរណ៍ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសចិនក៏នឹងធ្វើឱ្យការផ្លាស់ប្តូរក្នុងវិស័យអប់រំ កីឡា យុវជន ប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិកាន់តែស៊ីជម្រៅ និងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសតុងហ្គា។
លោក ស៊ី បាននិយាយថា ប្រទេសចិនក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសតុងហ្គា ដើម្បីអនុវត្តន៍នូវគំនិតផ្តួចផ្តើមសកលទាំងបួន បង្កើតជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កសាងសហគមន៍ចិន-ប៉ាស៊ីហ្វិក ដែលមានអនាគតរួមគ្នា និងលើកកម្ពស់ការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





