ចិនអំពាវនាវឱ្យមានការកែលម្អកិច្ចសហប្រតិបត្តិការអន្តរជាតិចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក ចាង គូគីង (Zhang Guoqing) ឧបនាយករដ្ឋមន្ត្រីចិន បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយបណ្តាប្រទេសដទៃទៀតដើម្បីពង្រឹងសមត្ថភាពបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកាត់បន្ថយគ្រោះមហន្តរាយ និងកែលម្អការឆ្លើយតបជាអន្តរជាតិចំពោះគ្រោះមហន្តរាយធំៗ។
លោក ចាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរនោះ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ស្តីពីការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការគ្រប់គ្រងគ្រាអាសន្ន នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន់ នៅភាគខាងត្បូងប្រទេសចិន។
លោក ចាង បាននិយាយថា ប្រទេសចិនបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការអន្តរជាតិចំពោះការឆ្លើយតបជាអន្តរជាតិទៅលើគ្រោះមហន្តរាយធម្មជាតិ ដោយការបញ្ជូនក្រុមការងារជួយសង្គ្រោះអន្តរជាតិ និងផ្តល់សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងនៃប្រទេសចំនួន៣៦ និងអង្គការអន្តរជាតិចំនួន១១ បានចូលរួមកិច្ចប្រជុំនេះ ដោយចូលរួមជាមួយអ្នកជំនាញក្នុងវិស័យនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





