អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា និងថៃ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ —
ទីបំផុត លោក វីទីត មុនតាប៊ុន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆុិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ដោយសម្តែងការគាំទ្រចំពោះវិធានការពង្រឹងសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ នេះបើយោងតាមគេហទំព័ររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ផ្សព្វផ្សាយចេញពីទីក្រុងហ្សឺណែវ។

លោក Muntarbhorn បានមានប្រសាសន៍ថា៖ "វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងទំនាក់ទំនងរវាងប្រជាជាតិនានាសមនឹងទទួលបានការគាំទ្ររបស់យើង។ “ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានការណ៍នៅព្រំដែនរវាងប្រទេសទាំងពីរ គួរតែត្រូវបានជួយតាមស្តង់ដារសិទ្ធិមនុស្ស”។
បន្ថែមពីលើនេះ អ្នករាយការណ៍ពិសេសបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ លោកបានបញ្ជាក់ថា៖ "ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះដោយឈរលើការគិតរួមគ្នា ការសន្ទនា និងការអនុវត្តប្រកបដោយមនុស្សធម៌ ដែលនោះគឺជាកត្តាចាំបាច់។ កត្តានេះនឹងកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ"។
លោកក៏បានអំពាវនាវឲ្យមានវិធានការទប់ស្កាត់ព័ត៌មានមិនពិតឲ្យបានជាអតិបរមា ហើយបានកត់សម្គាល់ផងដែរអំពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងទីភ្នាក់ងារផ្សេងទៀតដែលអាចផ្តល់ជំនួយក្នុងស្ថានការណ៍នេះ។
ជាមួយគ្នានេះ លោក Muntarbhorn ក៏បានបង្ហាញការគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ក្នុងខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីបទឈប់បាញ់មុននេះ គឺជាការប្តេជ្ញាចិត្តលើបញ្ហាជាច្រើន រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម។
សេចក្តីថ្លែងការណ៍ របស់លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់លោកក្នុងការផ្តល់ជំនួយផ្សេងៗ។
សូមរំលឹកថា លោក Muntarbhorn បាននៅស្ងាត់ស្ងៀមចាប់តាំងពីការផ្ទុះសង្គ្រាមរយៈពេល៥ថ្ងៃ នៅខែកក្កដា រវាងកម្ពុជា និងថៃ រហូតមកទល់ពេលនេះ ដោយលោកពុំបានចេញសេចក្តីថ្លែងការណ៍ណាមួយនោះទេ ដូចជា ១) ករណីដែលទាហានថៃបានចាប់ខ្លួនយោធិនកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន និងមិនទាន់ប្រគល់ឱ្យកម្ពុជាវិញនៅឡើយ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល ១១៩ថ្ងៃហើយ ២) ការចាក់សម្លេងលឺខ្លាំងៗជាសម្លេងខ្មោច សម្លេងឆ្កែលូ សម្លេងយន្តហោះ ដែលជាទម្រង់នៃការធ្វើទារុណកម្មយ៉ាងសាហាវ មកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ៣) ការបាញ់ប្រហារយ៉ាងឃោរឃៅពីសំណាក់យោធាថៃ បណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា ស្លាប់ម្នាក់ និងរបួសធ្ងន់បីនាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ៤) ការរំលោភជាក្រុមពីសំណាក់ទាហានឈុតខ្មៅថៃ មកលើពលការិនីកម្ពុជា ដែលករណីទាំងនេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត៕
ដោយ ផែន រតនៈ





