ទឹកធ្លាក់ឡែងកៅខេត្តមណ្ឌលគិរី ឈ្នះជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥» នៅក្នុងវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥
AKPភ្នំពេញ៖ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ---
ក្នុងវេទិកាជាតិអេកូទេសចរណ៍ ឆ្នាំ២០២៥បានធ្វើការប្រគល់ពានរង្វាន់ដល់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅដោយបានឈ្នះជ័យលាភី «សហគមន៍ទេសចរណ៍គំរូ ឆ្នាំ២០២៥»។
គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅ ស្ថិតនៅក្នុង ភូមិ អណ្តូងក្រឡឹង ឃុំ សែនមនោរម្យ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី។ទឹកធ្លាក់បង្កប់ក្នុងព្រៃមួយកន្លែងនេះគឺជាតំបន់ទេសចរណ៍ដ៏ល្អឯកមួយក្នុងចំណោមតំបន់ទេសចរណ៍បែបធម្មជាតិក្នុងទឹកដីខេត្តប៉ែកភាគឦសាននៃប្រទេសកម្ពុជា។ទឹកធ្លាក់ដែលលាក់ខ្លួនក្នុងព្រៃ ប្រកបដោយសក្តានុពលកន្លែងនេះគឺជាទីតាំងរស់នៅរបស់ជនជាតិដើមភាគតិច ពូនង(ព្នង)កំពុងបានស្រូបទាញអ្នកទេសចរឱ្យចូលកម្សាន្តដែលមានប្រជាសហគមន៍ ចាំស្វាគមន៍ជារៀងរាល់ថ្ងៃ។


អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS Cambodia)នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥បានចាត់ទុកសមិទ្ធផលនេះគឺបានបង្ហាញចេញពីការខិតខំប្រឹងប្រែងរបស់សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ឡែងកៅ ក្នុងការអភិវឌ្ឍន៍តំបន់ដ៏មានសក្តានុពលនេះឱ្យក្លាយទៅជាទីតាំងទេសចរណ៍ធម្មជាតិដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីមកទស្សនាសម្រស់ធម្មជាតិដ៏មនោរម្យមួយនេះ ។ជាមួយគ្នាសមិទ្ធផលមួយនេះក៏ជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។

អង្គការសមាគមន៍អភិរក្សសត្វព្រៃបានលើកឡើងថាជ័យលាភីដែលទទួលបាននេះ បានរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាលើកទឹកចិត្តសហគមន៍ផ្សេងៗទៀតឱ្យខិតខំកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីភាពរីកចម្រើនរបស់សហគមន៍៕


ដោយ៖ មករា





