អាហ្វហ្គានីស្ថានបើកយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងសម្រាប់កុមារ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលសាធារណៈអាហ្វហ្គានីស្ថាន បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងថ្នាក់ក្រោមជាតិលើកទី៤ នៅឆ្នាំ២០២៥ កាលពីថ្ងៃចន្ទ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារប្រហែល ៧,៤លាននាក់ពីជំងឺស្វិតដៃជើង។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា រយៈពេលបួនថ្ងៃដែលដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍នឹងបន្ដក់វ៉ាក់សាំងជំងឺស្វិតដៃជើងតាមមាត់នៅទូទាំង ១៧ខេត្តក្នុងចំណោម ៣៤ខេត្តរបស់ប្រទេស។
លោក ម៉ាវឡាវី ន័រ ចាឡាល់ ចាឡាលី (Mawlawi Noor Jalal Jalali) រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈបានមានប្រសាសន៍ថា «នេះមានសារៈសំខាន់ណាស់សម្រាប់អ្នកមានឥទ្ធិពលទាំងអស់ក្នុងសហគមន៍ រួមទាំងអ្នកប្រាជ្ញសាសនា មនុស្សចាស់ និងឪពុកម្តាយ ដើម្បីគាំទ្រក្រុមចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងនៅទូទាំងប្រទេស»។
ប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ពីករណីជំងឺស្វិតដៃជើងយ៉ាងហោចណាស់ចំនួន ៩ករណីនៅឆ្នាំនេះ ដោយករណីថ្មីបំផុតត្រូវបានរកឃើញនៅភាគខាងត្បូងខេត្តយូរូហ្សហ្គាន់ នៅដើមខែតុលា។ រួមជាមួយប្រទេសជិតខាងប៉ាគីស្ថាន ប្រទេសអាហ្វហ្គានីស្ថានគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅលើពិភពលោកដែលមានការចម្លងមេរោគស្វិតដៃជើងនៅតែបន្ត។
លោក ចាឡាលី បានបន្ថែមថា «យើងនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងរក្សាយុទ្ធនាការទាំងនេះរួមជាមួយនឹងសេវាសុខភាពបន្ថែមរហូតដល់ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់ទាំងស្រុង»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





