មជ្ឈិមបូព៌ា លេចចេញជាទីផ្សារនាំចេញអាវុធដ៏សំខាន់របស់កូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមឯកសារស្រាវជ្រាវថ្មីៗនេះ បានឱ្យដឹងថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានក្លាយជាអតិថិជនដ៏សំខាន់សម្រាប់ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះកំពុងស្វែងរកការដាក់ខ្លួនជាប្រទេសនាំចេញអាវុធកំពូលៗរបស់ពិភពលោក។
ការសិក្សាមួយដែលបានចេញផ្សាយកាលពីដើមខែនេះដោយធនាគារនាំចេញ-នាំចូលកូរ៉េ ដែលមានចំណងជើងថា «និន្នាការនៅក្នុងឧស្សាហកម្មការពារជាតិមជ្ឈិមបូព៌ា និងផលប៉ះពាល់» បានកត់សម្គាល់ថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ាឥឡូវនេះមានចំនួនប្រហែលមួយភាគបីនៃការនាំចូលអាវុធសកលលោក។
ប្រទេសកាតា អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងគុយវ៉ែត ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលទិញអាវុធកំពូលទាំង១០ របស់ពិភពលោក ដែលមួយផ្នែកត្រូវបានជំរុញដោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាប់លាប់នៅទូទាំងតំបន់។
ការចំណាយលើវិស័យការពារជាតិនៅក្នុងប្រទេសធំៗនៅមជ្ឈិមបូព៌ាបានកើនឡើងដល់ ២២០,៦ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន ឬប្រហែល៩,៥% នៃការចំណាយលើវិស័យយោធាសកលលោក។ រដ្ឋាភិបាលជាច្រើននៅក្នុងតំបន់បានបង្កើនថវិកាការពារជាតិរបស់ពួកគេ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយមានអត្រាកំណើនជាមធ្យម ១៥,៦%។
របាយការណ៍នេះបាននិយាយថា «បណ្តាប្រទេសនៅមជ្ឈិមបូព៌ាបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងចំពោះតម្លៃដែលមានការប្រកួតប្រជែង ការដឹកជញ្ជូនដែលអាចទុកចិត្តបាននិងសមត្ថភាពពង្រីកប្រព័ន្ធអាវុធកូរ៉េខាងត្បូង បើប្រៀបធៀបទៅនឹងជម្រើសរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប»។
របាយការណ៍នោះបានបន្ថែមថា ការនាំចេញអាវុធរបស់កូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា បានកើនឡើងជាងបីដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយកើនឡើងពីប្រហែល ២៤១លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៩ ដល់ប្រហែល ៧៤៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





