ជំនួយការវិមានក្រឹមឡាំង៖ ទីក្រុងម៉ូស្គូ និងញូវដេលី កំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ទីក្រុងម៉ូស្គូ និងទីក្រុងញូវដេលីបាននិងកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ទៅកាន់ប្រទេសឥណ្ឌា ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែធ្នូខាងមុខ។ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី យូស្សាកូវ (Yuri Ushakov) បាននិយាយកាលពីចុងសប្តាហ៍មុន។
លោក យូស្សាកូវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា «រួមគ្នាជាមួយប្រទេសឥណ្ឌា យើងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចនេះហើយសង្ឃឹមថាវានឹងផ្តល់នូវផ្លែផ្កាគ្រប់បែបយ៉ាង ដោយកាលបរិច្ឆេទត្រូវបានព្រមព្រៀងគ្នារួចហើយ។ យើងនឹងប្រកាសជាផ្លូវការរួមគ្នាជាមួយដៃគូឥណ្ឌារបស់យើង ប៉ុន្តែខ្ញុំអាចនិយាយបានថា វានឹងចាប់ផ្តើមនៅដើមខែធ្នូខាងមុខ»។
លោក យូស្សាកូវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ពូទីន ទៅកាន់ប្រទេសឥណ្ឌានេះ នឹងមានសារៈសំខាន់ខ្លាំងណាស់ ហើយអាចត្រូវបានគេហៅថា «ជាដំណើរទស្សនកិច្ចដ៏ធំសម្បើម»។
លោក យូស្សាកូវ បានបន្ថែមថា «ជារឿងសំខាន់បំផុត ដំណើរទស្សនកិច្ចនេះបង្កើតឱកាសសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងនាយករដ្ឋមន្ត្រី [លោក ណារេនដ្រា ម៉ូឌី] និងប្រធានាធិបតីរុស្ស៊ី ស្តីពីការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីធ្វើការសន្ទនាយ៉ាងហ្មត់ចត់ទៅលើកិច្ចការទ្វេភាគី និងបញ្ហាអន្តរជាតិបន្ទាន់»៕





