កាណាដា និងឥណ្ឌាបន្តកិច្ចចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ២ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានេយ (Mark Carney) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចាឡើងវិញទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G20 នៅទីក្រុងចូហាន់ណេសបឺក។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីទ្វេដងរហូតដល់ ៥០-៧០ប៊ីលានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ដែលជាសញ្ញានៃភាពធូរស្រាលនៃទំនាក់ទំនងរបស់ភាគីទាំងពីរ បន្ទាប់ពីការផ្អាកការទូតអស់រយៈពេលពីរឆ្នាំ។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល និងបានពិភាក្សាគ្នាអំពីការរៀបចំការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមរយៈពេលវែងផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





