បណ្តាមេដឹកនាំអឺរ៉ុបអាចនឹងទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីផែនការ ស្តីពីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- បណ្តាមេដឹកនាំនៃប្រទេសនៅអឺរ៉ុបអាចនឹងទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Sky News។
ទូរទស្សន៍ Sky News បាននិយាយថា មេដឹកនាំអឺរ៉ុបមួយចំនួន រួមទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុន (Emmanuel Macron)និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ជីអូហ្គីយ៉ា ម៉េឡូនី (Giorgia Meloni) អាចនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅដើមសប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំអាម៉េរិកឱ្យធ្វើវិសោធនកម្មផែនការសន្តិភាពរបស់លោក។
ទូរទស្សន៍ Sky News បានប្រៀបធៀបដំណើរទស្សនកិច្ចនាពេលអនាគតដែលអាចកើតមានរបស់បណ្តាមេដឹកនាំអឺរ៉ុបជាមួយនឹងដំណើរទស្សនកិច្ចរួមគ្នាពីមុនរបស់ពួកគេទៅកាន់សេតវិមាន បន្ទាប់ពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅអាឡាស្កា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





