សន្និសីទ COP30៖ ឥណ្ឌូណេស៊ីបង្ហាញផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីកាបូនបៃតង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ចេញជាផ្លូវការនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធអេកូឡូស៊ីកាបូនបៃតងរបស់ខ្លួន រួមជាមួយនឹងគោលការណ៍ណែនាំសកម្មភាពដែលភ្ជាប់មកជាមួយ។
ផែនទីបង្ហាញផ្លូវនេះកំពុងត្រូវបានដាក់តាំងបង្ហាញនៅឯពិព័រណ៍ឥណ្ឌូណេស៊ី នៅខាងក្រៅសន្និសីទលើកទី៣០ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP30) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងបេឡឹម ប្រទេសប្រេស៊ីល។
រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ហានីហ្វ ហ្វៃសុល នូរ៉ូហ្វីក (Hanif Faisol Nurofiq) បាននិយាយនៅឯពិធីពិព័រណ៍ឥណ្ឌូណេស៊ីនៅសន្និសីទ COP30 ក្នុងទីក្រុងបេឡឹម ថា ការចេញផ្សាយឯកសារនេះបានបង្ហាញពីភាពជាអ្នកដឹកនាំរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការភ្ជាប់សកម្មភាពអាកាសធាតុលើដីគោក និងមហាសមុទ្រ។
លោកបានបន្ថែមថា តាមរយៈការពង្រឹងចំណេះដឹងវិទ្យាសាស្ត្រគោលនយោបាយយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសឥណ្ឌូណេស៊ីមានគោលបំណងធានាថា ការចូលរួមចំណែកកាបូនបៃតងត្រូវបានរួមបញ្ចូលយ៉ាងពេញលេញទៅក្នុងប្រព័ន្ធតម្លៃសេដ្ឋកិច្ចកាបូនជាតិ និងទីផ្សារកាបូន។
ឯកសារនេះពង្រឹងដល់ការធ្វើសមាហរណកម្មប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ ទៅក្នុងការចូលរួមចំណែកជាតិលើកទីពីររបស់ប្រទេសឥណ្ឌូណេស៊ី (SNDC) ដែលបង្កើតជាមូលដ្ឋាននៃការប្តេជ្ញាចិត្តឡើងវិញរបស់ប្រទេសនេះទៅលើការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងអាកាសធាតុ។
ការដាក់បញ្ចូលកាបូនបៃតងទៅក្នុង SNDC ដែលបានដាក់ជូនលេខាធិការដ្ឋាន UNFCCC គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការដាក់ព្រៃកោងកាង ស្មៅសមុទ្រ និងវាលភក់អំបិលជាសមាសធាតុយុទ្ធសាស្ត្រនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័ន និងការកសាងភាពធន់នឹងអាកាសធាតុ។
លោក សាកទី វ៉ាយុ ត្រេងហ្គោណូ (Sakti Wahyu Trenggono)រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូណេស៊ី បាននិយាយថាផែនទីបង្ហាញផ្លូវកាបូនបៃតងមិនត្រឹមតែពាក់ព័ន្ធទៅនឹងវិស័យសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យសសរស្តម្ភដ៏សំខាន់នៃស្ថាបត្យកម្មអាកាសធាតុជាតិផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





