ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូងនឹងចូលរួមវេទិកាសន្តិសុខនៅប្រទេសកាណាដាដើម្បីជួយជំរុញការនាំចេញសព្វាវុធ
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ឧត្តមនាវីឯក លោក កាង ដុងហ្គីល (Kang Dong-gil)ប្រធានប្រតិបត្តិការកងទ័ពជើងទឹកកូរ៉េខាងត្បូង នឹងចាប់ផ្តើមដំណើរទៅកាន់ប្រទេសកាណាដានៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាសន្តិសុខដ៏សំខាន់មួយ និងជួយលើកកម្ពស់ការនាំចេញសព្វាវុធ។
កងទ័ពជើងទឹកបាននិយាយថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកដែលគ្រោងធ្វើចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកកាង នឹងចូលរួមវេទិកាសន្តិសុខអន្តរជាតិ Halifax ដែលជាការជួបជុំសន្តិសុខដ៏ធំបំផុតនៅក្នុងតំបន់ ដើម្បីជួបជាមួយមន្ត្រីសំខាន់ៗរបស់កាណាដា។
លោក កាង ក៏ត្រូវបានគេរំពឹងថានឹងទៅទស្សនកិច្ចកងកម្លាំងសមុទ្រអាត្លង់ទិករបស់កងទ័ពជើងទឹកកាណាដា និងពិនិត្យនាវាចម្បាំងរបស់ពួកគេផងដែរ។
ដំណើរទស្សនកិច្ចនេះកើតឡើង ខណៈដែលប្រទេសកូរ៉េខាងត្បូងនិងកាណាដា កំពុងស្វែងរកការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេក្នុងវិស័យការពារជាតិ និងសន្តិសុខ។ ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូងHanwha Ocean ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរចុងក្រោយនៅក្នុងកម្មវិធីទិញនាវាមុជទឹករបស់ប្រទេសកាណាដា ហើយកំពុងស្ថិតក្នុងការប្រណាំងប្រជែងដើម្បីឈ្នះកិច្ចសន្យា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





