ស្លូវ៉ាគីបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនផ្គត់ផ្គង់អាវុធប្រល័យលោកដល់អ៊ុយក្រែនទេ
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានបញ្ជាក់សារជាថ្មីអំពីគោលជំហររបស់ប្រទេសលោកថា ខ្លួននឹងមិនផ្គត់ផ្គង់អាវុធប្រល័យលោកដល់អ៊ុយក្រែនទេ។
រដ្ឋាភិបាលស្លូវ៉ាគីបាននិយាយថា ការកត់សម្គាល់របស់លោក រ៉ូបឺត ហ្វីកូ (Robert Fico) នេះបានធ្វើឡើងនៅក្នុងពិធីជប់លៀងការងារមួយជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte)នៅក្នុងរដ្ឋធានីប្រាទីស្លាវ៉ា។
លោក ហ្វីកូ បានសង្កត់ធ្ងន់ថា ស្លូវ៉ាគីមានសិទ្ធិអធិបតេយ្យភាពក្នុងការសម្រេចចិត្តថា តើល្បឿន និងរចនាសម្ព័ន្ធនៃការចំណាយយោធាបែបណាដែលខ្លួនជ្រើសរើស។
ក្នុងអំឡុងពេលពិភាក្សារួមគ្នាមួយ លោកក៏បានស្នើសុំឱ្យលោក រុតតេពង្រឹងការការពារដែនអាកាសរបស់ស្លូវ៉ាគីផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ខណៈដែលលោក ហ្វីកូ បានបញ្ជាក់សារជាថ្មីថា ស្លូវ៉ាគីនឹងមិនផ្គត់ផ្គង់អាវុធប្រល័យលោកដល់ទីក្រុងគៀវទេ លើកលែងតែកិច្ចសន្យាពាណិជ្ជកម្ម។
កាលពីដើមខែតុលា ស្លូវ៉ាគីបានបញ្ជូនកញ្ចប់ជំនួយការពារជាតិសព្វាវុធមិនប្រល័យលោកជាលើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែន ចាប់តាំងពីលោក ហ្វីកូ ឡើងកាន់តំណែងនៅក្នុងឆ្នាំ២០២៣ មក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





