រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការសន្តិភាពអ៊ុយក្រែនថ្មី
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍មួយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការងារដោយសម្ងាត់ជាមួយរុស្ស៊ីទៅលើសេចក្តីព្រាងផែនការថ្មីមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីអាម៉េរិក និងរុស្ស៊ីដែលមិនបញ្ចេញឈ្មោះថា ផែនការ ២៨ចំណុចនេះបានទាញយកការបំផុសគំនិតពីផែនការឈប់បាញ់ ២០ចំណុចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតំបន់ហ្គាហ្សា ដែលត្រូវបានព្រមព្រៀងដោយអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីខែមុន បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាជាងពីរឆ្នាំ។
សេចក្តីព្រាងនេះត្រូវបានរៀបចំឡើងជុំវិញប្រធានបទចំនួនបួន គឺសន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ សន្តិសុខអឺរ៉ុបកាន់តែទូលំទូលាយនិងអនាគតនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទាំងទីក្រុងគៀវ និងទីក្រុងម៉ូស្គូ។
ព័ត៌មានលម្អិតអំពីរបៀបដែលសំណើនេះដោះស្រាយជម្លោះស្នូល រួមទាំងការគ្រប់គ្រងទឹកដីនៅភាគខាងកើតអ៊ុយក្រែន នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។
មន្ត្រីអាម៉េរិកម្នាក់ត្រូវបានដកស្រង់សម្តីដែលបាននិយាយថាបេសកជនរបស់លោក ត្រាំ គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយបេសកជនរុស្ស៊ី លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) ដែលបាននិយាយថា លោកបានចំណាយពេលបីថ្ងៃជួបជាមួយក្រុមការងាររបស់លោក ត្រាំ នៅទីក្រុងម៉ៃអាមី កាលពីចុងខែតុលា។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោក ត្រាំ ជឿជាក់ថា«មានឱកាសបញ្ចប់សង្គ្រាមដ៏គ្មានន័យនេះ ប្រសិនបើភាពបត់បែនត្រូវបានបង្ហាញ» ហើយមន្ត្រីអាម៉េរិកបានចាប់ផ្តើមជម្រាបជូនដៃគូអឺរ៉ុបអំពីសំណើដែលកំពុងលេចចេញជារូបរាងនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





