អារ៉ាប៊ីសាអូឌីតនឹងវិនិយោគ ១ទ្រីលានដុល្លារអាម៉េរិកនៅសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានមានព្រះបន្ទូលកាលពីថ្ងៃអង្គារថា ប្រទេសរបស់ព្រះអង្គនឹងបង្កើនការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ពី ៦០០ប៊ីលានដុល្លារអាម៉េរិក ដល់ប្រមាណជិត ១ទ្រីលានដុល្លារអាម៉េរិក។
ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ ដែលត្រូវបានគេស្គាល់ថាជា MBS បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានរួមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា «ខ្ញុំជឿជាក់ថា ថ្ងៃនេះនិងថ្ងៃស្អែក យើងអាចប្រកាសបានថា យើងនឹងបង្កើនទឹកប្រាក់ពី ៦០០ប៊ីលានដុល្លារអាម៉េរិកនោះដល់ប្រមាណជិត ១ទ្រីលានដុល្លារអាម៉េរិកសម្រាប់ការវិនិយោគពិតប្រាកដ»។
លោកបាននិយាយថា ប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើន រួមទាំងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងមេដែក ដែលនឹងបង្កើតឱកាសវិនិយោគជាច្រើនបន្ថែមទៀត។
លោក ត្រាំ បាននិយាយថា «ខ្ញុំចង់អរគុណអ្នក ពីព្រោះអ្នកបានយល់ព្រមវិនិយោគ ៦០០ប៊ីលានដុល្លារអាម៉េរិកទៅក្នុងសហរដ្ឋអាមេរិកហើយដោយសារតែលោកជាមិត្តរបស់ខ្ញុំ លោកអាចនឹងធ្វើឱ្យវាក្លាយទៅជា ១ទ្រីលានដុល្លារអាម៉េរិក»។
លោក ត្រាំ បានបន្ថែមថា «យើងអាចគិតទៅលើទឹកប្រាក់ ៦០០ប៊ីលានដុល្លារ ប៉ុន្តែចំនួននោះអាចកើនឡើងបន្តិចទៀត» ដោយមានបំណងចង់ផ្សព្វផ្សាយពីផ្លែផ្កានៃទំនាក់ទំនងការបរទេសរបស់លោកសម្រាប់ប្រជាពលរដ្ឋអាម៉េរិក។
ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក ព្រះនាង រីម៉ា ប៊ីនត៍ បាន់ដារ អាល់-សាអ៊ូដ (Reema Bint Bandar Al-Saud) បានសាទរចំពោះកិច្ចប្រជុំរវាង MBS និងលោក ត្រាំ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតបានសរសេរនៅលើវេទិកាបណ្តាញសង្គមអ៊ិច (X) របស់អាម៉េរិកថា «នេះជាថ្ងៃដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិក»។
ព្រះនាងបាននិយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗមួយចំនួន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងទាំងនោះទេ។
ព្រះនាងបានបន្ថែមថា «កិច្ចព្រមព្រៀងទាំងនោះនឹងជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ បង្កើតឱកាសការងារសម្រាប់ជនជាតិអារ៉ាប៊ីសាអូឌីតនិងអាម៉េរិក និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះសន្តិសុខក្នុងតំបន់និងសកលលោក»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





