លោក ដូណាល់ ត្រាំ កំណត់យកអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តមិនមែនសមាជិកអង្គការណាតូដ៏សំខាន់របស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអង្គារថាលោកកំពុងបង្កើនទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ដោយកំណត់យកព្រះរាជាណាចក្រមួយនេះជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដែលមិនមែនជាសមាជិកអង្គការណាតូ។
លោក ត្រាំ បាននិយាយនៅពេលដែលលោកបានស្វាគមន៍ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់(Mohammed bin Salman) សម្រាប់កម្មវិធីអាហារពេលល្ងាចផ្លូវការមួយនៅសេតវិមានថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាយើងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធារបស់យើងឱ្យកាន់តែខ្ពស់ថែមទៀត ដោយកំណត់ជាផ្លូវការថា អារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដែលមិនមែនជាសមាជិកអង្គការណាតូ ដែលវាជាអ្វីដែលសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ»។
លោកបានបន្ថែមថា «ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកនៅពេលឥឡូវនេះជាលើកទីមួយ ពីព្រោះពួកគេចង់រក្សាការសម្ងាត់បន្តិចបន្តួចសម្រាប់យប់នេះ... នោះជាចំណុចមួយទៀតដែលអ្នកបានឈ្នះនៅថ្ងៃនេះ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាយុទ្ធសាស្ត្រប្រវត្តិសាស្ត្រ ដែលយើងទើបតែចុះហត្ថលេខាកាលពីពេលមុន។ ដូច្នេះសូមអបអរសាទរ»។
សម្ព័ន្ធមិត្តសំខាន់ៗដែលមិនមែនជាសមាជិកអង្គការណាតូ ត្រូវបានផ្តល់អត្ថប្រយោជន៍មួយចំនួនសម្រាប់ពាណិជ្ជកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខ រួមទាំងការអាចចូលរួមក្នុងកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នាជាមួយមន្ទីរបញ្ចកោណ និងការមានសិទ្ធិចូលប្រើប្រាស់សព្វាវុធ ការបណ្តុះបណ្តាល និងប្រាក់កម្ចីរបស់សហរដ្ឋអាមេរិក។
សម្ព័ន្ធមិត្តមិនមែនជាសមាជិកអង្គការណាតូសំខាន់ៗផ្សេងទៀតរួមមានប្រទេសបារ៉ែន កូឡុំប៊ី អេហ្ស៊ីប អ៊ីស្រាអែល ជប៉ុន កេនយ៉ា ប៉ាគីស្ថាន កាតាកូរ៉េខាងត្បូង និងទុយនីស៊ី។
ការកំណត់នេះមិនផ្តល់ការធានាសន្តិសុខណាមួយទេ ប៉ុន្តែសេតវិមាននៅពេលមុននេះបាននិយាយថា លោក ត្រាំ និងព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាយុទ្ធសាស្ត្រមួយដែលខ្លួនបាននិយាយថា «ជាការពង្រឹងភាពជាដៃគូការពារជាតិជាង ៨០ឆ្នាំរបស់យើង និងពង្រឹងការទប់ស្កាត់ទូទាំងតំបន់មជ្ឈិមបូព៌ា»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





