លោក លី បានមកដល់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាកំពូល និងគំនិតផ្តួចផ្តើមតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានមកដល់ទីក្រុងគែរ កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃលោកមានគម្រោងធ្វើកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អែល ស៊ីស៊ី (Abdel Fattah El-Sisi) និងបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់តំបន់មជ្ឈិមបូព៌ា។
លោក លី បានទៅទស្សនាទីក្រុងគែរបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាជើងទីមួយនៃដំណើរទស្សនកិច្ចបួនប្រទេសរបស់លោក ហើយក៏នឹងនាំលោកទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង និងតួកគីផងដែរ។
នៅថ្ងៃព្រហស្បតិ៍នេះ លោក លី គ្រោងនឹងធ្វើកិច្ចពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អែល ស៊ីស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ខណៈដែលឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
យោងតាមទីប្រឹក្សាសន្តិសុខជាតិ Wi Sung-lac បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំកំពូល លោក លី មានគម្រោងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យគែរ ដើម្បីគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោកសម្រាប់ការចូលរួមកាន់តែស៊ីជម្រៅជាមួយតំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃនេះផងដែរ លោក លី គ្រោងនឹងជួបជាមួយប្រជាជនកូរ៉េនៅប្រទេសអេហ្ស៊ីប។
នៅថ្ងៃសុក្រ លោកនឹងហោះហើរទៅកាន់ទីក្រុងចូហាន់នេសបឺហ្គប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G-20 ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





