ប៉ាគីស្ថានរឹបអូសគ្រឿងញៀនមានតម្លៃជិត ១៣០លានដុល្លារអាម៉េរិកនៅសមុទ្រអារ៉ាប់
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមការលើកឡើងរបស់កងទ័ពជើងទឹកប៉ាគីស្ថានកាលពីថ្ងៃពុធ បានឱ្យដឹងថា ខ្លួនបានរឹបអូសគ្រឿងញៀនមួយចំនួនធំដែលមានតម្លៃប្រហែល ១៣០លានដុល្លារអាម៉េរិកក្នុងអំឡុងពេលប្រតិបត្តិការមួយនៅសមុទ្រអារ៉ាប៊ីភាគខាងជើង។
អគ្គនាយកទំនាក់ទំនងសាធារណៈ (DGPR) កងទ័ពជើងទឹកប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវា Tabuk របស់កងទ័ពជើងទឹកប៉ាគីស្ថានបានស្ទាក់ចាប់នាវា Dhow មួយគ្រឿង ខណៈពេលកំពុងប្រតិបត្តិការក្រោមកងកម្លាំងចម្រុះលេខ ១៥០ ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ សារធាតុមេតំហ្វេតាមីនជាង ២.០០០គីឡូក្រាមត្រូវបានរឹបអូស ដែលជាការទប់ស្កាត់គ្រឿងញៀនដ៏សំខាន់លើកទី៣ របស់កងទ័ពជើងទឹកក្នុងរយៈពេលពីរខែ។
អគ្គនាយក DGPR បានបន្ថែមថា «កងទ័ពជើងទឹកប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តក្នុងការប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅក្នុងដែនសមុទ្រ ការពារផលប្រយោជន៍សមុទ្រជាតិ និងរួមចំណែកដល់សន្តិសុខសមុទ្រក្នុងតំបន់ និងសកល»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





