ប្រជាពលរដ្ឋភៀសសឹក ៥០០ គ្រួសារ នៅបន្ទាយមានជ័យ ទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋភៀសសឹកចំនួន ៥០០ គ្រួសារ ដែលបានភៀសខ្លួនមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តច័ន្ទស៊ីសាមគ្គីរតនារាម ឃុំកូប ស្រុកអូរជ្រៅ បានទទួលនូវអំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់បំផុតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ អំណោយទាំងនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដែលកំពុងជួបការលំបាកយ៉ាងធ្ងន់ធ្ងរបានមួយរយៈពេល។

ប្រជាពលរដ្ឋទាំង ៥០០ គ្រួសារនេះ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិកំណើតរបស់ខ្លួន បន្ទាប់ពី ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានទទួលរងនូវការឈ្លានពានដោយការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ពួកទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏សោកសៅនេះ បានបណ្ដាលឱ្យមានការ បាត់បង់ជីវិតប្រជាពលរដ្ឋម្នាក់ និងរបួសបីនាក់។

អំណោយដ៏ថ្លៃថ្លានៃទឹកចិត្តមនុស្សធម៌នេះ ត្រូវបានឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ផែង វណ្ណៈ នាំយកមកចែកជូនដោយផ្ទាល់ដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៥០០ គ្រួសារ នៅមណ្ឌលសុវត្ថិភាព ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
អំណោយសម្រាប់ មួយគ្រួសារៗ ទទួលបានរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ថ្នាំមូស ២ ដប, ទឹកសុទ្ធ ១ យួរ, ទឹកត្រី ១ ដប, មុង ១, ភួយ ១, ខ្នើយ ១និង ថវិកា ១០ ម៉ឺនរៀល។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់អំណោយដ៏មានសារសំខាន់នេះ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា«ជានិច្ចកាល សម្ដេចធិបតី និងលោកជំទាវ តែងតែបានយកចិត្តគិតគូរដល់សុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសប្រជាពលរដ្ឋភៀសសឹក ដោយមិនប្រកាន់និន្នាការនយោបាយឡើយ»។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានលើកឡើងផងដែរថា អំណោយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពី ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតីជាប្រមុខ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើហិង្សា និងការឈ្លានពាន។ រាជរដ្ឋាភិបាលនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសុវត្ថិភាព និងធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ព្រំដែនឱ្យបានល្អប្រសើរ។
តំណាងប្រជាពលរដ្ឋភៀសសឹកម្នាក់ បានសម្តែងនូវអារម្មណ៍រំភើប និងក្តីរំភើបរីករាយជាពន់ពេក ដែលបានទទួលនូវអំណោយមនុស្សធម៌នេះ។ «យើងខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានជួយដល់ពួកយើងខ្ញុំទាំងគ្រោះថ្នាក់បែបនេះ។ អំណោយនេះមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាបានជួយសម្រាលបន្ទុកជីវភាពរបស់យើងខ្ញុំបានមួយគ្រា ហើយវាបង្ហាញឱ្យយើងខ្ញុំឃើញថា រាជរដ្ឋាភិបាលមិនបានបោះបង់ចោលយើងខ្ញុំឡើយ»។ ពួកគាត់ក៏បានសម្តែងនូវជំនឿទុកចិត្តទាំងស្រុងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងវិលត្រឡប់មករកភាពប្រក្រតីវិញឆាប់ៗនេះ ដើម្បីឱ្យពួកគាត់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន៕
ដោយ៖ ឈុន សារ៉ាត





