អភិបាលខេត្ដព្រះវិហារ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ឱ្យបន្តអនុវត្តន៍សកម្មភាព និងពង្រឹងសមត្ថភាពស្ត្រីថ្នាក់ដឹកនាំ តាមស្រុក ឃុំ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ឱ្យបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ លើការងារមនុស្សធម៌ ការងារសង្គម និងការងារផ្សព្វផ្សាយសុខភាព អនាម័យ ជូនដល់ស្ត្រី និងប្រជាពលរដ្ឋទូទៅ។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាមួយលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ ពិធីនេះ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ស្មោះត្រង់ និងដោយឆន្ទៈក្នុងការចូលរួមការងារសង្គម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងអំណរគុណដល់ ឯកឧត្តម គីម រិទ្ធី ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារសមាគមនារីខេត្តឱ្យកាន់តែមានភាពជោគជ័យ។

ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកាសមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដឹកនាំសមាគមយ៉ាងសកម្មរហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនភាព ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សមភាពយេនឌ័រ សិទ្ធិរបស់ស្ត្រី និងក្មេងស្រី ក៏ដូចជាបង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង ក្នុងរចនាសម្ព័ន្ធរដ្ឋបាល។

ឯកឧត្តមអភិបាលខេត្ដក៏បានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារទាំងអស់ នូវការងារអាទិភាពមួយចំនួនទៀត គឺត្រូវបន្តពង្រឹងរបៀបរបបបំពេញការងារ និងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបន្ត ខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះ ចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងឱ្យជាប់ជាប្រចាំ។

ក្នុងឱកាសដ៏សំខាន់នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ប្រាក់វិភាគទានផ្ទាល់ខ្លួនជួយទ្រទ្រង់ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំនួន ១០លានរៀល។ ទន្ទឹមនេះ លោកជំទាវ សុខា គងពិសី ក៏បានប្រកាសឧបត្ថម្ភគាំទ្រនូវទឹកប្រាក់ ១លានរៀលក្នុងមួយខែ សម្រាប់ជាថវិកាប្រតិបត្តិការ និងការងារមនុស្សធម៌របស់សាខាសមាគម ផងដែរ៕
ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





