ជីវិតក្រោមដំបូលវត្ត នៃជនភៀសសឹកជិត ៥០០ គ្រួសារ ក្រោយហេតុការណ៍បាញ់ប្រហារនៅព្រំដែន
AKP បន្ទាយមានជ័យថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ -- វត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតនៅក្នុងឃុំកូប ស្រុកអូរបីជាន់ ខេត្តបន្ទាយមានជ័យ បានប្រែក្លាយជាទីជម្រកបណ្តោះអាសន្ន និងជាមណ្ឌលសុវត្ថិភាពដ៏សំខាន់សម្រាប់ជនភៀសសឹកជិត ៥០០ គ្រួសារ ដែលបានភៀសខ្លួនចេញពីតំបន់ព្រំដែន បន្ទាប់ពីមានឧបទ្ទវហេតុបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

គិតត្រឹមយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជីវិតរាប់រយនាក់កំពុងរស់នៅដោយពឹងផ្អែកលើដំបូលវត្ត និងការយកចិត្តទុកដាក់ពីអាជ្ញាធរ និងសប្បុរសជន។
ប្រជាពលរដ្ឋទាំងនេះភាគច្រើនបានមកពីភូមិដែលមានហានិភ័យខ្ពស់ ដូចជា ភូមិព្រៃចាន់, ភូមិជោគជ័យ, ភូមិបន្ទាយថ្មី, ភូមិប្រាសាទ, ភូមិអូរបីជាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមកពី ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក។

ការសម្រេចចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់ គឺដោយសារតែហេតុការណ៍ដ៏រន្ធត់កាលពីពីរថ្ងៃមុន ដែលការបាញ់ប្រហារនោះបានបណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងបីនាក់រងរបួសនៅភូមិព្រៃចាន់។ បើទោះជាក្នុងរយៈពេលពីរថ្ងៃចុងក្រោយ (ថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា) មិនមានសភាពការណ៍វិវត្តន៍ថ្មី ឬការផ្ទុះអាវុធកើតឡើងទៀតក៏ដោយ ក៏កម្រិតនៃការប្រុងប្រយ័ត្ននៅភូមិព្រៃចាន់ និងជោគជ័យបានកើនឡើងខ្ពស់។

ភូមិព្រៃចាន់ ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពអស់ហើយ។ ភូមិជោគជ័យ ប្រជាពលរដ្ឋមួយចំនួនបានជម្លៀសចេញ ប៉ុន្តែនៅមានពលរដ្ឋជាច្រើនទៀតបន្តរស់នៅក្នុងភូមិឋាន និងរង់ចាំតាមដានសភាពការណ៍វិវត្តន៍បន្ត។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរខេត្តក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនភៀសសឹក។
ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះថា«គិតត្រឹមល្ងាចថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានប្រជាពលរដ្ឋជិត ៥០០ គ្រួសារ បានចូលទៅរស់នៅជំរំភៀសសឹកក្នុងវត្តច័ន្ទស៊ី។ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈយ៉ាងល្អ ដើម្បីធានាបាននូវសុខុមាលភាពរបស់បងប្អូន។ យើងបានរៀបចំ កន្លែងស្នាក់នៅ និងផ្តល់ សម្ភារប្រើប្រាស់នានា ចាំបាច់។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានចាត់តំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងសប្បុរសជន ឱ្យនាំយក ស្បៀងអាហារ និង ថវិកា ផ្តល់ជូនដល់ជនភៀសសឹកជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលនឹងមិនទុកឱ្យបងប្អូនណាម្នាក់ជួបការលំបាកដោយគ្មានដំណោះស្រាយឡើយ ក្នុងកាលៈទេសៈដ៏រសើបនេះ»។

ចំណាប់អារម្មណ៍ និងការដឹងគុណពីជនភៀសសឹកទោះបីជាបានបន្សល់ទុកនូវទ្រព្យសម្បត្តិ និងជីវភាពប្រចាំថ្ងៃនៅពីក្រោយ ក៏ជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងវត្តបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ភ្លាមៗនេះ។

នៅក្នុងទីធ្លាវត្ត ដែលមានការរៀបចំជាជួរៗនៃតង់សម្រាប់ស្នាក់នៅ ពលរដ្ឋម្នាក់មកពីភូមិព្រៃចាន់ បាននិយាយទាំងទឹកមុខស្រពោនថា «យើងខ្ញុំពិតជាភ័យខ្លាចរហូតមក។ ប៉ុន្តែនៅពេលបានមកដល់វត្តនេះ ហើយឃើញអាជ្ញាធរខេត្ត ឯកឧត្តមអភិបាល រៀបចំកន្លែងស្នាក់នៅ និងផ្តល់ស្បៀងអាហារដល់ពួកខ្ញុំភ្លាមៗនោះ ខ្ញុំពិតជាអរគុណរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តខ្លាំងណាស់ ដែលបានចាត់ទុកយើងជាកូនចៅ។ បើគ្មានការជួយជ្រោមជ្រែងបែបនេះទេ ពួកខ្ញុំមិនដឹងជាត្រូវរស់នៅបែបណាទេ ព្រោះយើងបានភៀសខ្លួនទាំងខ្លួនទទេ»។

វត្តច័ន្ទស៊ីសាមគ្គីរតនារាម បច្ចុប្បន្នជាទីឋានដែលពោរពេញដោយក្តីសង្ឃឹម និងការរង់ចាំ។ ជនភៀសសឹកទាំងអស់កំពុងទន្ទឹងរង់ចាំឱ្យស្ថានការណ៍នៅតាមតំបន់ព្រំដែនមានភាពធូរស្រាល និងស្ងប់ស្ងាត់ឡើងវិញ ដើម្បីអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងបន្តជីវភាពប្រក្រតីរបស់ពួកគេ។ ការធានាសុវត្ថិភាព និងការផ្គត់ផ្គង់ស្បៀងនៅទីនេះ បានក្លាយជាកត្តាចាំបាច់បំផុត រហូតដល់ថ្ងៃដែលភាពភ័យខ្លាចត្រូវបានជំនួសដោយសន្តិភាព៕


ដោយ ៖ ឈុនសារ៉ាត





