អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងរយៈពេល៦ខែ និងជំរុញឱ្យបង្កើនការអប់រំឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច រៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់បណ្តាញព័ត៌មានជាតិ មានវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, ទីភ្នាក់ងារសារព័ត៌មានកម្ពុជា, ក្រុមការងារAPPក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងអនុវត្តន៍យុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត បើទោះបីជាក្នុងរយៈពេល៦ខែកន្លងមកនេះ យើងសម្រេចបានលទ្ធផលល្អ យ៉ាងណាក៏ដោយ។ ឯកឧត្តម ទេព អស្នារិទ្ធ បានណែនាំដល់មន្ត្រីជំនាញនៃប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យពង្រឹង និងពង្រីកការផលិត ផ្សាយមាតិកាបែបអប់រំ ដោយរៀបចំជាសាច់រឿងខ្លីៗអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ របៀបកំណត់ប្រភេទព័ត៌មានក្លែងក្លាយ ទាំងបង្កើតដោយមនុស្សនិងបច្ចេកវិទ្យាAi វិធីបង្ការ និងសារអំពាវនាវដល់ សាធារណៈជនឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយមុន នឹងជឿលើព័ត៌មានណាមួយ ចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះជាមួយ ប្រភពព័ត៌មានផ្លូវការ និងការផ្សាយ ដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាមុនសិន។

ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក៏បានណែនាំបន្ថែមឱ្យរៀបចំកម្មវិធីជជែក ឬវេទិកាសន្ទនា(talkshow) សម្រាប់ផ្សាយចេញតាមបណ្តាញផ្សព្វផ្សាយ ប្រពៃណី និងលើបណ្តាញសង្គម ដោយមានការចូលរួមពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន អ្នកជំនាញប្រើប្រាស់និងផ្សាយព័ត៌មានបែបឌីជីថល អ្នកប្រើប្រាស់ បណ្តាញសង្គម យុវជន ជាដើម ដើម្បីបង្កើនការជជែកអំពីហានិភ័យ និងការ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ឯកឧត្តមបានជំរុញបន្ថែមឱ្យ មន្ទីរព័ត៌មាន នាំយកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ឱ្យទៅដល់ ប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំនានា ក្នុងស្រុក ពិសេសដល់គ្រួសារសហគមន៍ សាលារៀនដែលនៅឆ្ងាយពីទីរួមខេត្ត និងសហគមន៍ជនជាតិដើមភាគតិច។ ស្របពេលជាមួយគ្នានេះ ក្រុមការងារអនុវត្តយុទ្ធនាការត្រូវផ្តល់អាទិភាព ដល់ការផលិតនិងផ្សាយមាតិកាឱ្យសមស្របនឹងប្រភេទបណ្តាញសង្គមនីមួយៗ ដើម្បីធានាប្រសិទ្ធភាព និងជំរុញការចែករំលែក(share) មាតិកាអប់រំ ទាំងនោះបន្ត ឱ្យដល់មនុស្សកាន់តែច្រើន រួមចំណែកកាត់បន្ថយចំនួន ព័ត៌មានក្លែងក្លាយ។

ឯកឧត្តមក៏បានណែនាំផងដែរឱ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន បណ្តាញសមាគមយុវជន វិស័យឯកជន និងអ្នកបង្កើតមាតិកា(MMO), KoL ក្នុងមូលដ្ឋានរាជធានី ខេត្ត ដើម្បីពង្រីកសំឡេងយុទ្ធនាការ និងបង្កើតភាពជាដៃគូក្នុងការអនុវត្តសកម្មភាពយុទ្ធនាការឱ្យកាន់តែប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានកោតសរសើរចំពោះការខិតខំរបស់ មន្ទីរព័ត៌មានរាជធានីខេត្តទាំងអស់ ដែលបានអនុវត្តយុទ្ធនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ" ក្នុងរយៈពេល៦ខែនេះ ដោយទទួលបានទទួលបាន ការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋតាមសហគមន៍នៅទូទាំងប្រទេស។ ទន្ទឹមនេះ ការគាំទ្ររបស់សាធារណជនកំពុងមានសន្ទុះជាមួយអ្នកចូលរួមប្រមាណជាង៥លាននាក់ និងបន្តកើនឡើងទៀត ទាំងក្នុងយុទ្ធនាការលើបណ្តាញសង្គម និងតាមរយៈការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការចូលរួមក្នុង ព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការបានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏មានការផ្សព្វផ្សាយតាមទីសាធារណៈ តាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ កំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង ដែលបាន រួមចំណែកធានាការទទួលព័ត៌មានស្តីពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយត្រូវបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក និងកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ក្រោមការរៀបចំ និងចូលរួមដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ៕
ដោយ៖ រិទ្ធី





