កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនដកហួតវត្ថុតាងមួយចំនួនធំ នៅអគារយៀកថៃ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- វត្ថុតាងរួមមានកុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង, ធុង CPU ០៦ គ្រឿង, ម៉ូនីទ័រ ៣៥ គ្រឿង និងទូរសព្ទ ៦០០ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញដកហួត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច បង្ហាញការសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពី លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការដកហួតវត្ថុតាងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។


សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕



ដោយ៖ គង់ សិរីរ័ត្ន





