រដ្ឋបាលជលផលចុះពិនិត្យការចិញ្ចឹមត្រីសមុទ្រ( ត្រីឆ្ពង់) របស់វារីវប្បករព្រែកបី ស្រុកស្ទឹងហាវខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កាលពីថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយរដ្ឋ បាលជលផលខេត្តព្រះសីហនុ ដឹកនាំដោយលោក ឈុន ថុល នាយផ្នែករដ្ឋ បាលជលផលទំនប់រលកបានចុះពិនិត្យការចិញ្ចឹមត្រីសមុទ្រ( ត្រីឆ្ពង់) របស់ប្រជាពលរដ្ឋវារីវប្បករចំនួន ១០គ្រួសារ ស្ថិតនៅអមសងខាងព្រែកបី និងនៅជិតកូនកោះអាត់ប៊ិច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹង ហាវ ខេត្តព្រះ សីហនុ។

តាមការឱ្យដឹងពីប្រជាពល រដ្ឋដែលបាននឹងកំពុងធ្វើវារីវប្បកម្មចិញ្ចឹមត្រីឆ្ពង់នៅ ព្រែកបី មានបែរត្រីចំនួន ៥៥០បែរ ដោយក្នុងបែរនិមួយៗ មានទំហំ ២មx២ម ដែលមានត្រីឆ្ពង់សរុប ២៦៤ ៥០០ក្បាល (ក្នុង១ក្បាលត្រីវាមានទម្ងន់ចាប់ពី ០.៥ដល់ ២.៤គីឡូក្រាម ។ ព្រោះទី តាំងព្រែកបីនេះវាមានអំណោយផលល្អក្នុងការចិញ្ចឹមត្រី ជាពិសេសគុណភាពទឹកហូរចេញ ចូលល្អក្នុងការចិញ្ចឹម ធ្វើឱ្យត្រីឆាប់ធំធាត់ និងមិនសូវមានជំងឺធ្វើឱ្យត្រីងាប់ច្រើន ហើយក្នុងខែវិច្ឆិកា វាមានចំណីគ្រប់គ្រាន់ ចំពោះការចិញ្ចឹមទៀតសោតមានទីផ្សារល្អសម្រាប់លក់ក្នុងពិធីបុណ្យ ការ ។

លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រល ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋប្រកបវារីវប្បកម្មទាំងអស់ចូលរួមសុំច្បាប់អនុញ្ញាតក្នុងការចិញ្ចឹមត្រីឱ្យបានគ្រប់គ្នា ម្យ៉ាងទៀតរដ្ឋបាលខេត្តបាននឹងកំពុងជំរុញឱ្យប្រជាពលរដ្ឋធ្វើវារី វប្បកម្មក្នុងការចិញ្ចឹមត្រី ក្តាម បង្គារឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្នតម្រូវការទីផ្សារមានទំហំធំសម្រាប់ផ្គត់ផ្គង់ ប្រសិនបើយើងចិញ្ចឹមបានច្រើន អាចជួយកាត់នបន្ថយទីផ្សារនាំចូលពី ប្រទេសជិតខាង។ ម្យ៉ាង ទៀតមន្ត្រីរដ្ឋបាលជលផលតែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ប្រឹក្សា បច្ចេកទេសជូនដល់វារីវប្បករ ដែលកំពុងធ្វើវារីវប្បកម្មនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជាពិសេសតំបន់ព្រែកបីនេះជាតំបន់ដែលផ្តល់ឱកាសក្នុងការចិញ្ចឹមត្រី ។

សូមរម្លឹកថា ស្រុកស្ទឹង ហាវ និងស្រុកព្រៃនប់ ជាទីតាំងអំណោយផលល្អក្នុងការធ្វើវារីវប្បកម្មសមុទ្រក្នុងចំណោមក្រុង ស្រុកទាំង៦ នៃខេត្តព្រះសីហនុ ៕



ដោយ៖ ងូ សុមុនី





