សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

តាងនាមប្រជាពលរដ្ឋកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្ដេច ក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។
ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
ដោយ៖ គង់ សិរីរ័ត្ន





