ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យអភិបាលខណ្ឌទើបឡើងកាន់តំណែងថ្មីត្រូវអនុវត្ដតួនាទីភារកិច្ចឱ្យបានល្អជូនប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ច្រើនពីមហាជន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥–ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអភិបាលខណ្ឌទើបឡើងកាន់តំណែងថ្មីត្រូវអនុវត្ដតួនាទីភារកិច្ចខ្លួនឱ្យបានល្អជូនប្រជាពលរដ្ឋ កុំឱ្យមានការថ្នាំងថ្នាក់ និងមានការរិះគន់ច្រើនពីមហាជន ពិសេស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងការផ្តល់សេវាឱ្យកាន់តែកៀកកិតជូនពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល ខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ.ខណ្ឌសែនសុខ និងទួលគោក និងជាអភិបាលរងចំនួន១១រូបផងដែរ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើជាអធិបតី។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខត្រូវបានប្រកាសឱ្យកាន់តំណែងជាអភិបាលខណ្ឌច្បារអំពៅ។ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ មកជា អភិបាលខណ្ឌសែនសុខវិញ។ លោក ជា ពិសី ត្រវបានប្រកាសឱ្យកាន់ជាអភិបាលខណ្ឌទួលគោក សម្រាប់អាណត្តិទី២ ដដែល។

ជាមួយគ្នានោះក៏បានប្រកាសឱ្យកាន់តំណែងជាអភិបាលរងខណ្ឌសម្រាប់អាណត្តិទី២ ចំនួន១១រូបផងដែរ ទី១ លោកសយ ឬទ្ធី ជាអភិបាលរងខណ្ឌចំការមន, ទី២.លោក ពាន វាសនា ជាអភិបាលរងខណ្ឌ៧មករា,ទី៣. លោក ជ ចាន់ស៊ាង ពីអភិបាលរងខណ្ឌដង្កោ ទៅជាអភិបាលរងខណ្ឌច្បារអំពៅ ទី៤. លោក ចាន់ បណ្ឌិត ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌដូនពេញ,ទី៥.លោកស្រី ព្រុំ រដ្ឋា ពីអភិបាលរងខណ្ឌទួលគោក ទៅជាអភិបាលរងខណ្ឌឫស្សីកែវ,ទី៦ .លោក កៅ សារ៉ាវុធ ពីអភិបាលរងខណ្ឌជ្រោយចង្វារ ទៅជាអភិបាលរងខណ្ឌដូនពេញ ,ទី៧.លោក ចាន់ គន្ថេត ពីអភិបាលរងខណ្ឌដូនពេញ ទៅជាអភិបាលរងខណ្ឌទួលគោក,ទី៨.លោកស្រី សួស សូលីដា ពីអភិបាលរងខណ្ឌឫស្សីកែវ ទៅជាអភិបាលរងខណ្ឌសែនសុខ,ទី៩. លោក ហ៊ត គឹមនី ពីអភិបាលរងខណ្ឌច្បារអំពៅ ទៅជាអភិបាលរងខណ្ឌដង្កោ,ទី១០.លោកស្រី សុង សុភា ជាអភិ បាលរងខណ្ឌទួលគោក ,ទី១១.លោកកេត រតនា ជាអភិបាលរងខណ្ឌជ្រោយចង្វារ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងរយៈពេល១៧ឆ្នាំកន្លងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការស្ដារ អភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបាននូវភាពជោគជ័យជាច្រើន។ សម្រាប់ការប្រកាសចូលកាន់តំណែងនិងផ្ទេរភាពកិច្ចនៅថ្ងៃនេះ គឺជារឿងធម្មតាសម្រាប់មន្ត្រីរាជការ ស៊ីវិលដែលតែងតែត្រូវបានផ្លាស់ប្ដូរមុខតំណែង។ ជាក់ស្ដែងនៅពេលនេះ យើងបានប្រកាសតែងតាំងផ្ទេរភារកិច្ចអភិបាលខណ្ឌចំនួន២រូបនិង១រូបនៅដដែល អភិបាលរងខណ្ឌជាច្រើនរូបទៀត។

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យ អភិបាលខណ្ឌ អភិបាលរងខណ្ឌដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឱ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាតដដែលទៀតនោះទេ។ អភិបាលនិងអភិបាលរងខណ្ឌទាំងអស់ត្រូវរក្សាឱ្យបានល្អប្រសើរនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ចំណែកការរក្សាអនាម័យ បរិស្ថាន ក្នុងនាមអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ដោយដាក់មន្ត្រីក្រោមឱវាទ ឱ្យតាមដានការអនុវត្ត ការដឹកជញ្ជូន ការប្រមូលសំរាមឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ពិសេស កុំឱ្យមានសំរាមនៅតាមប្រឡាយនិងតាមប្រព័ន្ធលូបង្ហូរទឹក។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ក្នុងនាមជាគណបញ្ជាការឯកភាពខណ្ឌ គណៈបញ្ជាការឯកភាពសង្កាត់ត្រូវការពារសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អ១០០ភាគតយ ដើម្បីជាទំនុកចិត្តសម្រាប់របស់ប្រជាពលរដ្ឋ ហើយក៏ជាការកៀងគរភ្ញៀវជាតិអន្តរជាតិឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវ លប់បំបាត់ឱ្យបាននូវការជក់បារីអេឡិចត្រូនិច នៅក្នុងមូលដ្ឋានខ្លួននាពេលខាងមុខ ។

លោក ចេង មុន្នីរ៉ា ដែលត្រូវបានប្រកាសផ្ទេរឱ្យមកកាន់មុខតំណែងជាអភិបាលខណ្ឌសែនសុខបានប្តេជ្ញាចិត្តថា៖ ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារឱ្យបានម៉ឹងម៉ាត់បំផុត។ប្តេជ្ញាការពារដាច់ខាត រដ្ឋាភិបាលស្របច្បាប់ដឹកដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ប្រឆាំងដាច់ខាតក្រុមជ្រុលនិយមនិងថ្កោលទោសទាហានថៃដែលបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ។ទំនុកបម្រុងសមរភូមិមុខនិងការពង្រឹកការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕
ដោយ៖ សួស សំរិត





