សម្តេចប្រធានរដ្ឋសភា៖ បេសកកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី អាចសម្រេចទៅបានអាស្រ័យលើសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ តាមរយៈការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់«ស្រ្តី និងក្មេងស្រី»។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា "សម្តេចតេជោ តែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ដោយបានពន្លឿនដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងជាប្រយោជន៍ពុំអាចកាត់ថ្លៃបានសម្រាប់«ស្រ្តី និងក្មេងស្រី»ដោយបានដាក់ចេញ និង អនុវត្តគោលនយោបាយសមភាពយេនឌ័រនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព តាមរយៈយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ដែលបានកំណត់ «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានបង្កើនឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ នៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត និងជាតំណាង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ"។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ«ស្រ្តី គឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគ សំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

សម្តេចរដ្ឋសភាធិបតី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។

ក្នុងក្របខ័ណ្ឌអង្គនីតិប្បញ្ញត្តិ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាបានអនុម័តច្បាប់នានាដែលមានលក្ខណៈទូលំទូលាយ និងឆ្លើយតបនឹងយេនឌ័រ ។
គោលនយោបាយសាធារណៈ និងច្បាប់បានគិតគូរ និងដោះស្រាយបញ្ហាប្រឈមរបស់«ស្រ្តីនិងក្មេងស្រី» ព្រមទាំងពង្រឹងសមត្ថភាពស្រ្តី តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើន រួមមានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ដែលជាសេនាធិការរបស់ស្ថាប័នរដ្ឋសភា ក្នុងការបញ្ជ្រាបយេនឌ័រ សំដៅរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» និងការបង្កើតឱ្យមានវេទិកានិងកម្មវិធី ដែលផ្តោតទៅលើសិទ្ធិនិងសុខុមាលភាពរបស់ស្រ្តីនិងយុវជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីផ្តល់នូវការងារសមរម្យ និងសម្រេចចក្ខុវិស័យរួម។ ទាំងនេះគឺជាកិច្ចការដ៏សំខាន់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី។

សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់លើការរៀបចំ «វេទិកាជាតិ ស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច»ក្នុងគោលបំណងលើកកម្ពស់ភាពជាតំណាងរបស់ «ស្រ្តីនិងក្មេងស្រី» ដើម្បីពង្រឹងបណ្តាញសាមគ្គីភាពនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងចំណោមថ្នាក់ដឹកនាំជាស្រ្តីនៅគ្រប់កម្រិតនិងគ្រប់ជំនាន់ ព្រមទាំងសំដៅជំរុញការគាំទ្រពីដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងតួនាទីរបស់ស្រ្តី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនៅគ្រប់កម្រិត។
សម្តេច បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឱ្យក្លាយជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យស្រ្តីជាថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលបាននូវបទពិសោធន៍ល្អៗ និងគន្លឹះល្អៗ ក្នុងភាពជាអ្នកដឹកនាំរបស់ស្រ្តី និងស្វែងរកនូវវិធានការសមស្រប ដើម្បីឈានទៅសម្រេចបាននូវបេសកកម្មរួមគ្នា គឺការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន នយោបាយ សេដ្ឋកិច្ច សង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនោះ ជួសមុខឱ្យអង្គពីធីទាំងមូល សម្តេចប្រធានរដ្ឋសភា បានថ្កោលទោសដាច់អហង្ការ ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនខ្មែរម្នាក់ បាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។
ការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅ អំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពី ឯកឧត្តម ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ ការបាញ់ប្រហារនេះ ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈប្រទេសជាតិប្រឈមនឹងការគំរាមកំហែង និងភាពមិនប្រាកដប្រជាបែបនេះ ជាពេលវេលាសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងទាំងអស់គ្នាត្រូវមានការជឿជាក់ និងគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយជម្លោះព្រំដែន រក្សានិងការពារ សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កម្ពុជាត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីប្រែក្លាយបញ្ហាទៅជាឱកាស ក្នុងការពង្រឹងភាពម្ចាស់ការ អធិបតេយ្យសេដ្ចកិច្ច និងភាពធន់របស់ជាតិឱ្យបានរឹងមាំ។
ជាមួយគ្នានេះដែរសម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា៖“យើងត្រូវចាំថា «ខ្មែរមានសាមគ្គី ខ្មែរខ្លាំង និងមានភាពធន់» ហើយអាចបោះជំហានទៅមុខ ដោយមានភាពជឿជាក់ និងក្តីសង្ឃឹម” ៕
ដោយ៖ ប៊ុនរិទ្ធ





