សិក្ខាសាលាស្ដីពីការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំលើជំនាញបច្ចេកវិទ្យាកុំព្យូទ័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលា ស្ដីពី «ការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំលើជំនាញបច្ចេកវិទ្យាកុំព្យូទ័រ» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងដោយមានការចូលរួមពីបុគ្គលិកអប់រំនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃសាលារៀនជំនាន់ថ្មី លោកគ្រូអ្នកគ្រូពីវិទ្យាល័យគោលដៅទាំង១០ ដែលត្រូវអនុវត្តសាកល្បងគន្លងអប់រំថ្មី នៃគន្លងវិជ្ជាជីវៈ ជំនាញបច្ចេកវិទ្យាកុំព្យូទ័រ) សរុប ៣៣នាក់។

លោកប្រធាននាយកដ្ឋាន រ័ត្ន សារ៉ា បានលើកឡើងអំពីសារបាននៃការរៀបចំគន្លងអប់រំថ្មី នៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងបង្ហាញពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលានេះ។ សិក្ខាសាលានេះ នឹងផ្ដល់ឱ្យគ្រូនៅតាមសាលារៀនគោលដៅក្លាយជាគ្រូជំនួយ និងអាចជួយសម្របសម្រួល ការរៀននិងបង្រៀនសិស្សជំនាញកុំព្យូទ័រនៅតាមសាលារៀនរបស់ខ្លួន តាមរយៈការស្វែងយល់បន្ថែមពី មូលដ្ឋានគ្រឹះកុំព្យូទ័រ កុំព្យូទ័រសម្រាប់ការងាររដ្ឋបាល វិធីសាស្ត្រដោះស្រាយនិងការសរសេរកូដ មូលដ្ឋានគ្រឹះក្នុងការរចនា ការសរសេរកម្មវិធីកុំព្យូទ័រ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំទទួលបន្ទុកសម្របសម្រួលការអនុវត្តគន្លងអប់រំថ្មីលើមុខជំនាញបច្ចេកទេសកុំព្យូទ័រ នៅតាមគ្រឹះស្ថានសិក្សាគោលដៅទាំង១០ ដើម្បីដឹកនាំយន្ដការបច្ចេកទេស និងសម្របសម្រួលដំណើរការបង្រៀននិងរៀនក្នុងគន្លងវិជ្ជាជីវៈនេះ ឱ្យមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យអនុវត្តគន្លងអប់រំថ្មី នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ពីថ្នាក់ទី១០-១២ នៅតាមគ្រឹះស្ថានសិក្សាចំនួន ៤៩ ដើម្បីបើកច្រកដល់អ្នកសិក្សាឱ្យមានជម្រើសកាន់តែច្រើន ក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ជ្រើសរើសផ្លូវសិក្សា និងផែនការអាជីព សមស្របតាមលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ឧបនិស្ស័យ សមត្ថភាពពីកំណើត និងចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងន័យសម្រួចការកសាងមូលធនមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មស្នូលរបស់ប្រទេសជាតិ៕
ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





