រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨
AKP កណ្ដាល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥-- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំ និងជំរុញដល់មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងសហការជាជាមួយក្រុមការងារផែនការវិនិយោគខេត្ត ក្នុងការផ្ដល់ធាតុចូល និងយុទ្ធសាស្ត្រគន្លឹះ ដើម្បីរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ឱ្យបានទាន់ពេលវេលា។

លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោម ជាតិបានកំណត់ថា រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិ របស់ខ្លួន ក្រោយពីបោះឆ្នោតរួច ដោយអនុវត្តតាមច្បាប់ កម្មវិធីវិនិយោគបីឆ្នាំរំកិលក៏ត្រូវបានរៀបចំ ជារៀង រាល់ឆ្នាំផងដែរ។ រដ្ឋបាលខេត្តកណ្តាល ដោយមានក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងអ្នកពាក់ព័ន្ធនានាបានចូលរួមអនុវត្តផងនោះគិតមកដល់ពេលនេះបានដំណើរដល់សកម្មភាពទី៣ក្នុងជំហានទី២នៃការកសាងកម្មវិធីវិនិយោគគឺវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំ រំកិល(២០២៦-២០២៨) នៅថ្នាក់ខេត្ត។ មន្ទីរ និងមន្ត្រីជំនាញត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាឱ្យកម្មវិធីអភិវឌ្ឍន៍ខេត្ត រួមទាំងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានដាក់ចេញទទួលបានជោគជ័យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនាពេលនេះមានគោលបំណងសំខាន់ៗចំនួន៣៖ ទី១. ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្សំនូវតម្រូវការទាំង នេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។ ទី២. កៀរគរប្រភពធនធាននានា ពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាជួយគាំ ទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងទី៣. ត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុក តាមការគ្រោងរបស់សិក្ខាសាលានេះចាប់ពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា គម្រោងកម្មវិធី វិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៦-២០២៨ មានគម្រោងចំនួន ៥៧៤ គម្រោង គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ១៧១ គម្រោង គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកមានចំនួន ៦១៥.គម្រោង គម្រោងកម្មវិធីវិនិយោគសង្កាត់ មាន ៧០៦ គម្រោង គម្រោងកម្មវិធីវិនិយោគឃុំមាន២ ២៦៨ គម្រោង៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





