ប៊ុលហ្គារី និងលីបង់ពង្រឹងទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីប៊ុលហ្គារីលោក រូមេន រ៉ាដេវ (Rumen Radev) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថាប្រទេសប៊ុលហ្គារីអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសលីបង់។
លោក រ៉ាដេវ បានធ្វើការកត់សម្គាល់នេះបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីលីបង់ លោក ចូសេព អាអូន (Joseph Aoun) ដែលកំពុងបំពេញទស្សនកិច្ច។ លោកបាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ច ការវិនិយោគពាណិជ្ជកម្ម ការពារជាតិ និងកសិកម្ម។
គណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេសត្រូវបានស្នើឡើងដើម្បីបង្កើតក្របខ័ណ្ឌស្ថាប័នសម្រាប់ការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ។
មេដឹកនាំទាំងពីរបានសម្តែងក្តីសង្ឃឹមថា ការតភ្ជាប់ជើងហោះហើរដោយផ្ទាល់រវាងទីក្រុងបៃរូត និងទីក្រុងសូហ្វីយ៉ានឹងត្រូវបានស្តារឡើងវិញដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជន និងអាជីវកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





