ព្យុះទីហ្វុងហ្វុង-វ៉ុងបក់បោកចេញពីប្រទេសហ្វីលីពីនដោយបន្សល់នូវមនុស្ស ០៨នាក់ស្លាប់ និង ១,៤លាននាក់ត្រូវជម្លៀសចេញ
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ព្យុះទីហ្វុងហ្វុង-វ៉ុង បានបក់ចេញពីភាគពាយ័ព្យនៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដោយកាត់ផ្តាច់ចរន្តអគ្គិសនីដល់ខេត្តទាំងអស់ ព្រមទាំងសម្លាប់មនុស្សយ៉ាងហោចណាស់ ០៨នាក់ និងធ្វើឱ្យមនុស្សជាង ១,៤លាននាក់ផ្សេងទៀតត្រូវជម្លៀសចេញ។
ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរឆ្ពោះទៅទិសពាយ័ព្យទៅកាន់កោះតៃវ៉ាន់។
ព្យុះទីហ្វុងហ្វុង-វ៉ុងបានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនខណៈដែលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះទីហ្វុងកាល់ម៉ាគី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២៤នាក់ស្លាប់នៅក្នុងបណ្តាខេត្តនៅភាគកណ្តាលកាលពីថ្ងៃអង្គារសប្តាហ៍មុន មុនពេលព្យុះនេះវាយប្រហារប្រទេសវៀតណាមជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់។
ព្យុះហ្វុង-វ៉ុង បានបោកបក់ចូលច្រាំងនៅខេត្តអូរ៉ូរ៉ានៅភាគឦសានកាលពីយប់ថ្ងៃអាទិត្យ ដែលវាជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលមានល្បឿនខ្យល់បក់ខ្លាំងរហូតដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





