កូរ៉េខាងត្បូងកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពី ៥៣-៦១% នៅត្រឹមឆ្នាំ២០៣៥
AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កាលពីថ្ងៃចន្ទ គណៈកម្មការប្រធានាធិបតីបានអនុម័តគោលដៅមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសកូរ៉េខាងត្បូងចំនួនពី ៥៣% ទៅ ៦១% ពីកម្រិតឆ្នាំ២០១៨នៅត្រឹមឆ្នាំ២០៣៥។
គណៈកម្មការប្រធានាធិបតី ស្តីពីអព្យាក្រឹតភាពកាបូន និងកំណើនបៃតង បាននិយាយថា ខ្លួនបានអនុម័តទៅលើគោលដៅវិភាគទានដែលបានកំណត់ជាតិ (NDC) សម្រាប់ឆ្នាំ២០៣៥ ដែលខ្ពស់ជាងសំណើដំបូងរបស់រដ្ឋាភិបាលបន្តិចដើម្បីកាត់បន្ថយការបំភាយឧស្ម័នចំនួនពី ៥០-៦០%។
រដ្ឋាភិបាលនឹងបញ្ចប់គោលដៅបំភាយឧស្ម័ននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ និងប្រកាសជាផ្លូវការនូវផែនការនេះនៅឯសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី៣០(COP30) នៅទីក្រុង Belem របស់ប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ ហើយដំណើរការរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មការប្រធានាធិបតី។
ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសនីមួយៗត្រូវដាក់ស្នើ និងធ្វើបច្ចុប្បន្នភាព NDC របស់ខ្លួនរៀងរាល់ប្រាំឆ្នាំម្តង ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់។
ប្រទេសកូរ៉េខាងត្បូងពីមុនបានដាក់ស្នើ NDC សម្រាប់ឆ្នាំ២០៣០របស់ខ្លួនកាលពីក្នុងឆ្នាំ២០២១ ដោយសន្យាថានឹងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤០% ពីកម្រិតឆ្នាំ២០១៨។
សហគមន៍ធុរកិច្ចបានសម្តែងការព្រួយបារម្ភថា គោលដៅដែលបានស្នើឡើងនេះនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៅក្នុងវិស័យផលិតកម្មដែលប្រើប្រាស់ថាមពលច្រើន ដូចជាឧស្សាហកម្មគីមីឥន្ធនៈ ដែកថែប និងរថយន្តជាដើម។
ដើម្បីសម្រេចបាននូវគោលដៅបំភាយឧស្ម័នឆ្នាំ២០៣៥រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងពង្រីកការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់និងបង្កើតបណ្តាញអគ្គិសនីជំនាន់ក្រោយនៅទូទាំងប្រទេស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





