រដ្ឋមន្ត្រីការពារជាតិចិនជួបពិភាក្សាជាមួយសមភាគីស៊ែប៊ី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក ដុង ជុន (Dong Jun) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ែប៊ី លោក ប្រាទីស្លាវ ហ្គាស៊ីក (Bratislav Gasic) កាលពីថ្ងៃពុធ នៅទីក្រុងប៉េកាំង។
លោក ដុង បានលើកឡើងអំពីប្រទេសចិន និងស៊ែប៊ីថាជាមិត្តភក្តិដែលបានឈរជាមួយគ្នាយ៉ាងលំបាក។ លោកបានកត់សម្គាល់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសស៊ែប៊ី ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីរលើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី។
លោក ដុង ក៏បានអំពាវនាវឱ្យបង្កើតចំណុចសំខាន់ៗថ្មីៗនៃកិច្ចសហប្រតិបត្តិការយោធាជាក់ស្តែង និងលើកកម្ពស់ទំនាក់ទំនងយោធាទ្វេភាគីជាបន្តបន្ទាប់ដល់កម្រិតថ្មីមួយ។
លោក ប្រាទីស្លាវ ហ្គាស៊ីក បានមានប្រសាសន៍ថា ប្រទេសស៊ែប៊ីប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយោធាចិននៅទូទាំងវិស័យផ្សេងៗ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





