កម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកជញ្ជូនពលរដ្ឋខ្មែរ២៨នាក់វិលត្រឡប់ពីថៃទៅដល់លំនៅឋានដោយសុវត្ថិភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការយ៉ាងសកម្ម ក្នុងការជួយសម្របសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ទៅកាន់ស្រុកកំណើតរបស់ពួកគាត់ដោយសុវត្ថិភាព និងភាពកក់ក្តៅ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន ១៥ នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។

ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៤៖០០នាទីល្ងាច មានប្រជាពលរដ្ឋខ្មែរវិលត្រឡប់សរុបចំនួន ២៨ នាក់ ក្នុងនោះស្រី ១០ នាក់។ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ០២ គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់នៅតាមបណ្តាខេត្តចំនួន ៤ រួមមាន ខេត្តបន្ទាយមានជ័យចំនួន២២នាក់ ស្រី០៧នាក់ ខេត្តឧត្តរមានជ័យចំនួន០២នាក់ (ស្រី) ខេត្តសៀមរាបចំនួន០១នាក់ (ប្រុស) ខេត្តបាត់ដំបងចំនួន ០៣នាក់ ស្រី០១នាក់។

ថ្លែងនៅក្នុងសកម្មភាពនៃការដឹកជញ្ជូននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា ការងារជួយសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃនេះ គឺជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋជាអាទិភាព។ ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ យើងខ្ញុំប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការធានាថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលវិលត្រឡប់មកមាតុភូមិវិញ ត្រូវបានទទួលស្វាគមន៍ សម្របសម្រួលឯកសារ និងដឹកជញ្ជូនទៅដល់លំនៅឋានរបស់ពួកគាត់ប្រកបដោយសុវត្ថិភាពនិងភាពកក់ក្តៅ។
ចំណែកឯបងប្អូនពលរដ្ឋខ្មែរដែលទើបនឹងមកដល់ទឹកដីកំណើតវិញ ក៏បានក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានផ្តល់ការយកចិត្តទុកដាក់ និងភាពកក់ក្តៅជាទីបំផុត។ ពលរដ្ឋម្នាក់ដែលត្រឡប់មកពីប្រទេសថៃ បានសម្តែងនូវអារម្មណ៍ថា "ខ្ញុំនិងកូនៗពិតជារំភើបចិត្តណាស់ដែលឃើញអាជ្ញាធរ និងសមត្ថកិច្ចខ្មែរចាំទទួល និងជួយដឹកជញ្ជូនពួកខ្ញុំដល់ផ្ទះដោយមិនអស់ប្រាក់អ្វីទាំងអស់។ វាបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដរបស់រាជរដ្ឋាភិបាលចំពោះកូនចៅដែលបានឃ្លាតឆ្ងាយពីស្រុកកំណើត"។
សូមបញ្ជាក់ថាសកម្មភាពមនុស្សធម៌នេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុវត្ថិភាព និងភាពកក់ក្តៅដល់ពលរដ្ឋខ្មែរគ្រប់រូប៕
ដោយ ឈុន សារ៉ាត





