ឯកឧត្តម ប៉ែន បូណា៖សម្តេចធិបតីបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងអំឡុងកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ហើយអំណាចទន់របស់អាស៊ានកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្ដាភាគី ដោយយុត្តិធម៌ និងភាពជឿជាក់ នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម ប៉ែន បូណាបានលើកឡើងយ៉ាងដូច្នេះថា សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជបានបានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ឯកភាព និងភាពធន់របស់អាស៊ាន ក្នុងការដោះស្រាយផលប៉ះពាល់ដែលកើតចេញពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមសកលផ្សេងៗទៀត និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងអំពីផលប៉ះពាល់ផ្នែកមនុស្ស ធម៌ដែលកើតចេញពីភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុ មាលភាពរបស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងបានបង្ហាញភាពរីករាយដែលបានឃើញប្រទេសសមាជិកអាស៊ានជួយគ្នាទៅវិញ ទៅមក។
ឯកឧត្តមថាចំពោះបញ្ហាបូរណភាពទឹកដី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការងារវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។
ទន្ទឹមនឹងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញជំហរម៉ឺងម៉ាត់និងច្បាស់លាស់របស់កម្ពុជា ថាខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។
សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជាសម្រេចប្រើប្រាស់ “យន្តការផ្សះផ្សារដោយចាប់បង្ខំ” (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ប្រទេសថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំទៅរកដំណោះ ស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរ ជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕
ដោយ៖ ប៊ុនរិទ្ធ





