វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់កំពង់ស្វាយ ស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់កំពង់ស្វាយនៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកវេទិកាសាធារណៈដ៏សំខាន់មួយ ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

វេទិកានេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ស្ថិតក្នុងបរិវេណវត្តសមិទ្ធិមុនីសោភ័ណ ហៅស្វាយថ្មី ក្រោមអធិបតីភាពរបស់ លោក សន ស៊ីផល ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសង្កាត់កំពង់ស្វាយ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់សង្កាត់ និងប្រជាពលរដ្ឋ សរុប៤០៧នាក់ ក្នុងនោះ ស្ត្រី២១៧នាក់។

ថ្លែងទៅកាន់អង្គវេទិកានេះ លោក សន ស៊ីផល បានគូសបញ្ជាក់យ៉ាងច្បាស់ថា វេទិកាសាធារណៈនេះ គឺជាស្ពានដ៏រឹងមាំមួយរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ យើងទាំងអស់គ្នា បានចុះមកដល់ទីនេះ មិនមែនគ្រាន់តែនិយាយនោះទេ គឺដើម្បីស្ដាប់ផ្ទាល់មាត់ពីបញ្ហាប្រឈម និងសំណូមពរដ៏ជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងដោះស្រាយឱ្យទាន់ពេលវេលា និងកាត់បន្ថយរាល់ការលំបាក ដើម្បីធានានូវការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់កុំឱ្យស្ទាក់ស្ទើរក្នុងការលើកឡើងនូវរាល់បញ្ហា និងសំណូមពរនានា។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការងារអភិវឌ្ឍន៍មូលដ្ឋាន។ «ការលើកឡើងនូវសំណូមពររបស់អ្នកទាំងអស់គ្នា គឺពិតជាការរួមចំណែកដ៏ធំធេងដល់ការងារដឹកនាំ និងការសម្រេចចិត្តរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។»
ចំណែកឯ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលក្រុងក្នុងការយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់សំណើរសុំរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលក្រុងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដោយចាប់ផ្ដើមពីបញ្ហាអាទិភាព ក្នុងការកៀរគរថវិកា និងធនធាននានា ដើម្បីបំពេញនូវតម្រូវការចាំបាច់របស់បងប្អូន ជាពិសេសសំណូមពរទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
ប្រជាពលរដ្ឋជាច្រើននាក់បានឆ្លាស់វេនគ្នាឡើងលើកឡើងនូវសំណើរសំណូមពរមួយចំនួន ដែលផ្តោតសំខាន់លើ ការអភិវឌ្ឍន៍មូលដ្ឋាន។ ប្រជាពលរដ្ឋបានស្នើសុំឱ្យមានការជួសជុល និងកែលម្អផ្លូវលំមួយចំនួន ដែលរងការខូចខាតខ្លាំង ជាពិសេសនៅរដូវវស្សា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល។ សំណូមពរសុំឱ្យមានការជីកស្ដារ ឬរៀបចំប្រព័ន្ធលូបង្ហូរទឹកនៅក្នុងភូមិមួយចំនួន ដែលតែងជួបប្រទះបញ្ហាទឹកជំនន់ ឬដក់ទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ បញ្ហាមួយចំនួនទាក់ទងនឹងសុវត្ថិភាពភូមិដ្ឋាន និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវបានលើកឡើងផងដែរ។
ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានធ្វើការកត់ត្រា និងឆ្លើយបំភ្លឺនូវរាល់ចម្ងល់ និងបានសន្យាថានឹងចាត់ចែងឱ្យក្រុមការងារជំនាញចុះសិក្សា និងវាយតម្លៃនូវរាល់សំណូមពរទាំងអស់ ដើម្បីរៀបចំផែនការ និងអនុវត្តការងារជួសជុល និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅតាមលទ្ធភាពជាក់ស្ដែងនិងភាពអាទិភាព៕
ដោយ ឈុន សារ៉ាត





