ខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៦-២០២៨) លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកកំពង់ត្រឡាច ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរផែនការ ថ្នាក់ដឹនាំមន្ទីរអង្គភាពជុំវិញខេត្ត ការិយាល័យជំនាញជុំវិញស្រុក រដ្ឋបាលឃុំក្នុងស្រុក អង្គការ សមាគមន៍ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

ក្នុងឱកាសនោះ លោក ឈិន សេងងួន បានពន្យល់ថា កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ក្រុង ស្រុក ឃុំសង្កាត់ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍បន្តថា ក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើ ឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ (២០២៦-២០២៨) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្តឯកសារស្ថានភាព ខេត្តកំពង់ឆ្នាំង ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន។

ជាមួយគ្នានេះ លោក ឈិន សេងងួន អភិបាលរងបានបន្ថែមទៀតថា កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗដែលបានអនុវត្តកន្លងមកដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនស្របតាមក្របខ័ណ្ឌនិងពេលវេលាបង្ហាញពីសេដ្ឋកិច្ចលក្ខណៈគ្រួសារមានការរីកចម្រើន៕

ដោយ បៃ ស៊ីថុន





