កិច្ចប្រជុំស្តីពីការជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ការជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន គឺជារបៀបវារៈនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា ការបញ្ចូលជំនាញឌីជីថលទៅក្នុងប្រព័ន្ធអប់រំគឺជាតម្រូវការចាំបាច់មួយសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងផ្តោតលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និងការផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថលដែលមានគុណភាពខ្ពស់ ជាពិសេសចូលរួមសហការក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធអប់រំ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលកន្លងមក និងបានលើកឡើងថា ក្រសួងអប់រំបាន និងកំពុងជំរុញការកែទម្រង់កម្មវិធីសិក្សាតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀនលើបច្ចេកវិទ្យាថ្មីៗ និងការបង្កើតនូវធនធានរៀន និងបង្រៀនតាមប្រព័ន្ធឌីជីថលជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការគាំទ្រទៅលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំផងដែរ ដោយលើកឡើងថា គម្រោងនេះនឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការបង្រៀន និងការរៀនសូត្រនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ស្របតាមនិន្នាការពិភពលោក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មជ្ឈមណ្ឌលនេះនឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





