ឯកឧត្ដម ឃួង ស្រេង៖ កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា យើងត្រូវពង្រឹងខ្លួនឱ្យខ្លាំង រឹងមាំដោយខ្លួនឯង មិនមែនធ្វើឱ្យខ្លួនឯងទន់ខ្សោយ ដើម្បីឱ្យគេអាណិត អាសូរ ជួយយើងនោះទេ។ យើងត្រូវរឹងមាំ រួមគ្នាក្នុងការអភិវឌ្ឍប្រទេស ឈានឆ្ពោះទៅសម្រេចបាននូវមហិច្ឆតារបស់ខ្លួន កម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស សង្កាត់អូរឫស្សីទី៣ និងអូរឫស្សីទី៤ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាយើងត្រូវការទាំងអស់មិនមែនយកមួយ បោះចោលមួយនោះទេ។ ក្នុងករណីពលរដ្ឋមានទំនាស់ យើងត្រូវដោះស្រាយដោយភាពត្រឹមត្រូវ ពលរដ្ឋទទួលបានប្រយោជន៍ដូចគ្នា។ គណបក្សប្រជាជនកម្ពុជា ត្រូវការធំបំផុតគឺការរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើនរុងរឿង។ បើគណបក្សគេផ្សេងចង់ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា យើងទទួលយក ដើម្បីយើងរួមគ្នាជាធ្លុងមួយ ធ្វើឱ្យខ្មែរយើងកាន់តែរឹងមាំ។ ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប្រទេសថៃ ឃើញប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយ ស្រឡាញ់ជាតិ ការពារជាតិ តាមរយៈការផ្តល់ថវិកា និងសម្ភារ គ្រឿងឧបភោគ បរិភោគ ជួយដល់សមូរភូមិមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា បើស្រឡាញ់ជាតិ កុំប្រើប្រាស់លុយបាត និងទំនិញរបស់ថៃ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌចុះត្រួតពិនិត្យចំពោះទំនិញ ដែលជាផលិតផលរបស់ថៃ ព្រោះវាមានលេខកូដ របស់ប្រទេស។ យើងនឹងរៀបចំឱ្យមានការចុះពិនិត្យទំនិញទាំងនេះ នៅតាមទីផ្សារទំនើបៗនៅក្នុងរាជធានីភ្នំពេញ។យើងនាំគ្នាមកប្រើផលឹតផលខ្មែរយើងហើយគាំទ្រគ្នាយើងវិញ។ ដើម្បីទទួលបានជ័យជម្នះសមាជិកបក្សយើងទាំងអស់ត្រូវតែសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ហើយការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាសម្រេចបានមហិច្ឆតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕
ដោយ សួស សំរិត





