សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យឃុំខ្លួនជនជាតិចិន០១នាក់ ជាមេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥--លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ Cai Jincheng ជនជាតិចិន ជាមេខ្លោងឆបោកអនឡាញ (Online Scam) ដើម្បីយកទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមការចោទប្រកាន់ ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមមាត្រាលេខ ៣៧៧ និង មាត្រាលេខ ៣៨០ នៃក្រមព្រហ្មទណ្ឌ ខណៈជនបរទេសចំនួន ១៧នាក់ ផ្សេងទៀត ត្រូវអនុវត្តន៍នីតិវិធីបណ្ដេញ ចេញពីប្រទេសកម្ពុជា។

សូមរម្លឹកថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scam ដែលជាអំពើខុសច្បាប់ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៨នាក់ មានស្រ្តី០២នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រោយបញ្ចប់នីតិវិធី ជនជាតិចិនចំនួន១៧នាក់ត្រូវបណ្តេញចេញពីកម្ពុជា ខណៈជនត្រូវចោទ ឈ្មោះ Cai Jincheng នេះ ត្រូវបានតុលាការចេញដីកា បង្គាប់ឱ្យឃុំខ្លួនរហូតមានសេចក្តីសម្រេចថ្មី។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ច្ចបានដកហូតលិខិតឆ្លងដែន ចំនួន១៦ច្បាប់, កុំព្យូទ័រ all in one ចំនួន១៦គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន ១១គ្រឿង។
សូមរម្លឹកផងដែរថា បើគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. បានចាត់វិធានការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ជាង ៣ ០០០នាក់ ភាគច្រើនជាជនបរទេស។ ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការបង្ក្រាបអំពើឆបោកអនឡាញ នោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញា សង្ស័យជាមេខ្លោង ចំនួន៧០នាក់ និងបក្សពួករបស់ពួកគេទៅតុលាការដើម្បី ចាត់វិធានការតាម នីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធនឹង ការឆបោកអនឡាញ សរុបប្រមាណ២៥០០នាក់ ត្រូវបាននិរទេស ចេញពីកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តន៍សកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ដោយ៖ AKP





