ពលរដ្ឋរងគ្រោះដោយទឹកជំនន់៨០គ្រួសារទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដមបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក។

ឯកឧត្ដមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកូនចៅតូចៗកុំឱ្យលង់ទឹកនិង ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នេះ។

សូមជម្រាបជូនថា អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ (មុង ភួយ ក្រមា សារុង) មី១កេស ត្រីខ១យួរ និងថវិកាចំនួន ៥០.០០០រៀល៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





