អភិបាលរងខេត្តកណ្តាលអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ទៅពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួន
AKP កណ្ដាល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យលើទិន្នន័យដីធ្លីរបស់ខ្លួនដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ទាំងថ្ងៃបុណ្យទានផ្សេងៗ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០៦ភូមិ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

លោក ហាក់ សុខមករា បានលើកឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័សម្រាប់ថ្ងៃនេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដូចនេះ ប្រជាពលរដ្ឋទាំង៦ភូមិ ដែលមានក្បាលដីក្នុងបញ្ជីបិទផ្សាយ សូមទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា និងផ្សព្វផ្សាយទៅអ្នកផ្សេងទៀត ដែលមិនបានចូលរួម ឱ្យគាត់មកពិនិត្យ ព្រោះរយៈពេលនៃការបិទមានត្រឹមតែ១៥ថ្ងៃប៉ុណ្ណោះ។ ក្រោយការបិទផ្សាយនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយនិងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលតាមតម្រូវការ។ ការបិទផ្សាយនៅថ្ងៃនេះ ជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការងារនៅវាល ចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ នឹងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ។


លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន៦ភូមិ គឺភូមិជ្រោយស្នោ ភូមិព្រែកជ្រៃ ភូមិខ្នារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្នារតាំងយូត្បូង និងភូមិព្រែកទន្លា សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន គឺមានរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ហើយការបិទផ្សាយនេះ គឺជាលើកទី២១សម្រាប់ក្រុងសំពៅពូន ដែលមានក្បាលដីសរុបមានចំនួន ៥ ៧២៩ក្បាលដី៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





