វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនៅខេត្តព្រៃវែងបានបិទបញ្ចប់ ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗដល់មន្ត្រី នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន
AKP ព្រៃវែង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តព្រែវែង ចាប់ថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការផ្ដល់នូវចំណេះដឹងថ្មីៗលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង៦០នាក់ មកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ។

ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមរបស់ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មាន ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនេះ នៅតាមភូមិភាគចំនួន៥ ផ្សេងៗគ្នា នៅទូទាំងប្រទេស ដែលបានចាប់ផ្តើមពីមន្ទីរព័ត៌មានក្នុងភូមិភាគឦសាន ភូមិភាគឧត្តរ ពាយ័ព្យ ភូមិភាគនិរតី និងចុងក្រោយនេះបិទបញ្ចប់សម្រាប់ភូមិភាគបូព៌ា ដែលរៀបចំឡើងនៅខេត្តព្រៃវែងនេះ ដោយមានការគាំទ្រ និងចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរ ទទួលបន្ទុកព័ត៌មាន នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥។ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានគ្រប់រាជធានី ខេត្តទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបំពាក់បំប៉នទាំងអស់នេះ ទៅអនុវត្តន៍សម្រាប់ការងារប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព និងត្រូវធ្វើខ្លួនជាគំរូ ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ព័ត៌មានដោយការទទួលខុសត្រូវ ដោយផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ គោរពក្រមសីលធម៌ វិជ្ជាជីវ: និងគោរពច្បាប់ជាតិ ខិតខំពង្រឹងសមត្ថភាពជាប្រចាំដើម្បីដើរឱ្យទាន់សម័យបច្ចេកវិទ្យាថ្មីៗ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មាន ខេត្តព្រៃវែងបានចាត់ទុកវគ្គបំពាក់បំប៉ននេះ គឺពិតជាធាតុសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីនៃមន្ទីរព័ត៌មានទាំង៤ បន្ទាប់ពី បានសិក្សា លើជំនាញព័ត៌មាន និងសាធារណមតិនេះ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បន្តអភិវឌ្ឍន៍ សមត្ថភាពខ្លួនឯង និងការពង្រឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាគុណភាពព័ត៌មាន និងទប់ទល់ព័ត៌មានក្លែងក្លាយ និងការងារសាធារណមតិប្រកបដោយប្រសិទ្ធភាព។
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងតំណាងឱ្យសិក្ខាកាមមកពីខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញបានអរគុណចំពោះក្រសួងព័ត៌មាន ដែលបានរៀបចំវគ្គបំពាក់បំប៉ននេះឡើង ធ្វើឱ្យអ្នកចូលរួមទាំអស់ទទួលបានចំណេះដឹងស្តីពី បច្ចេកទេសផលិតព័ត៌មាន និងខ្លឹមសារបែបសាធារណមតិ ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ការតាមដាន វិភាគចងក្រងព័ត៌មាន ការឆ្លើយតបព័ត៌មានក្លែងក្លាយ របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ និងពីវិធីសាស្ដ្រប្រើប្រាស់ AI នៅក្នុងវិស័យសារព័ត៌មានជាដើម៕

ដោយ៖ រិទ្ធី





