ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន”
AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥-- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាស្តីពី “សវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់អង្គភាពក្រោមឱវាទក្រសួង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្តទាំង២៥ និងមន្ត្រីជំនាញផ្នែកសវនកម្មបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺជាការបើកទំព័រថ្មីមួយទៀត ក្នុងការបោះជំហានទៅមុខ និងដើម្បីចូលរួមយ៉ាងសកម្ម នៅក្នុងការដ្ឋាននៃការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណ្ណត្តិទី៧នេះ ហើយវិស័យបច្ចេកវិទ្យាព័ត៌មានក៏កំពុងដើរតួនាទីគន្លឹះ ក្នុងការគាំទ្រ និងធានាដល់ចលនាជវភាព និងចីរភាពនៃដំណើរការកែទម្រង់ទាំងនោះផងដែរ។ ស្ថិតនៅក្នុងយុគសម័យឌីជីថលនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាវិស័យដែលមានការវិវត្តន៏លឿន និងមានឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចសង្គម សិល្ប:វប្បធម៌ សាសនា និងនយោបាយ និយាយរួមគឺវិស័យនេះបាននិងកំពុងជ្រៀតចូលគ្រប់ទីកន្លែង គ្រប់ពេលវេលា ដង្ហើមចេញចូលរបស់យើង។ ទោះជាយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក៏នាំមកនូវហានិភ័យថ្មីៗផងដែរ។


ឯកឧត្តមបានបន្តថា ហានិភ័យទាំងនោះរួមមាន ការគំរាមកំហែងផ្នែកសន្តិសុខព័ត៌មាន ការលេចធ្លាយទិន្នន័យ ការរំខានដល់ប្រព័ន្ធ និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានមិនត្រឹមត្រូវ (Cyberattack, Hacking, Virus, Malware) ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ការគ្រប់គ្រងប្រព័ន្ធព័ត៌មានប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព គឺជាកិច្ចការដែលមិនអាចខ្វះបាន និងចាំបាច់ត្រូវធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មានទាំងអស់នេះជាប្រចាំ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





