យុវជនខ២៦.១ខេត្តកំពង់ធំ ប្តេជ្ញាចិត្តអនុវត្តគ្រប់ភារកិច្ចតាមបទបញ្ជារបស់សម្តេចបប្រធានដើម្បីដណ្តើមយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា
AKP កំពង់ធំ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥-- គណៈកម្មការខ២៦.១ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីជួបជុំសំណេះសំណាល និងប្រគល់ភារកិច្ច ជូនយុវជនរបស់គណៈកម្មការខ២៦.១នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំក្រោមអធិបតីភាពឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តនិងជាប្រធានគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ។

លោក សោម សុភាវុធ អនុប្រធានយុវជនខ២៦.១ ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីអំពីបច្ចុប្បន្នភាព និងការកសាងពង្រីកសមាជិកយុវជនក្នុងជួរគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ និងបានបញ្ជាក់ជូនអំពីរចនាសម្ព័ន្ធចាត់តាំង របស់គណៈកម្មការយុវជនខ២៦.១ ក្នុងការបំពេញភារកិច្ចតាមការណែនាំរបស់ថ្នាក់ដឹកនាំយុវជនថ្នាក់កណ្ដាល។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្តប្រធានគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះការរៀបចំរចនាសម្ព័ន្ធចាត់តាំងក្រុមយុវជនគណៈកម្មការខ២៦.១ ដែលបច្ចុប្បន្នមានការរីកចម្រេីនទាំងបរិមាណនិងគុណភាពគួរជាទីមោទនៈដោយអនុវត្តតាមលក្ខន្តិកៈរបស់គណបក្ស តាមរយៈការប្រជុំជីវភាពបក្ស និងការជួបសំណេះសំណាលនិងប្រគល់ភារកិច្ចតាមក្រុមបក្សនិមួយៗ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយុវជន នៃគណៈកម្មការខ២៦.១ត្រូវបន្តយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗមួយចំនួនរួមមាន÷ ទី១.ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ ទី២.យុវជននៃគណៈកម្មការខ២៦.១របស់យើងទាំងអស់គ្នា ត្រូវស្មោះត្រង់ដាច់ខាត ចំពោះគណបក្សប្រជាជនកម្ពុជានិងគោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខន្តិកៈរបស់គណបក្ស និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។ ទី៣.ត្រូវបន្តបំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំគណបក្សខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា បានប្រគល់ជូននិងត្រូវត្រៀមខ្លួនគ្រប់កាលៈទេសៈ ក្នុងការអនុវត្តតាមបទបញ្ជារបស់សម្ដេចប្រធានគណបក្ស ដើម្បីដណ្ដើមយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលនិងគ្រប់ពេលវេលា។ ទី៤. ត្រូវគោរពវិន័យ និងអនុវត្ត របៀបរបបការងាររបស់គណគណបក្សឱ្យបានម៉ឺងម៉ាត់។ ភាគតិចគោរពភាគច្រើននិងបុគ្គលជាអ្នកទទួលខុសត្រូវ និងទី៥. ត្រូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោក សោមស៊ុន ធារ៉ា អនុប្រធានអចិន្ត្រៃយ៍យុវជនគណៈកម្មការខ២៦.១ ខេត្តកំពង់ធំ បានឡើងប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពប្រតិបត្តិតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ហើយប្ដេជ្ញាចិត្តក្នុងការដឹកនាំពង្រីក សមាជិក សមាជិការយុវជនខ២៦.១ឱ្យមានការរីកចម្រើនមានទាំងបរិមាណ និងគុណភាពព្រមទាំងធ្វើសកម្មភាពនៅតាមមូលដ្ឋាននានា តាមការចាត់តាំង និងប្រគល់ភារកិច្ចរបស់ថ្នាក់ដឹកនាំ ដើម្បីចលនាយុវជន និងប្រជាជន ចូលរួមគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨៕
ដោយ ស៊ុម វណ្ណា





