ឯកឧត្តម គួច ចំរើន៖ ចាប់ពីពេលនេះទៅមិនមានដីនៅ ស្រុកពញាឮ គ្មានបណ្ណកម្មសិទ្ធនោះឡើយ
AKP កណ្តាល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ដីធ្លីក្នុងស្រុកពញាឮ ដែលគ្មានបណ្ណកម្មសិទ្ធិ មិនមែនជាកម្មវត្ថុនៃការទិញលក់ទៀតទេ គឺជាដីមិនស្របច្បាប់ មិនស្របនីតិវិធី ដីមានទំនាស់ ឬជាដីរដ្ឋ ព្រោះអាជ្ញាធរបានចុះបញ្ជីដី ព្រមទាំងបានចែកបណ្ណរួចរាល់ហើយ ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋាន ដាច់ខាតកុំបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធដីធ្លីជូន ប្រជាពលរដ្ឋ ក្រៅពីបណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួច។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបញ្ជាក់ដូច្នេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៥២ភូមិ សរុបចំនួន ៣៧ ៥០៩ បណ្ណ ស្ថិតក្នុងឃុំចំនួន៨ រួមមាន ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណ សាលាស្រុកពញាឮ ក្រោមអធិបតី ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។ ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើ ក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ស្រុកពញាឮ ដែលបានសាមគ្គីគ្នា ផ្តល់ស្បៀងអាហារ និងរួមគ្នាធ្វើត្រីប្រហុកបញ្ជូនទៅកាន់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងអំឡុងពេលមានការឈ្លានពានពីយោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនពីស្ថានភាពព្រំដែនកម្ពុជា ថៃ ថ្វីត្បិតស្ថានភាពបច្ចុប្បន្នមានភាពស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ការពារបូរណភាពទឹកដី ដោយបានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តគាំទ្រទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងជួរមុខ និងក្រុមគ្រួសារកងទ័ព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងការចូលរួមសម្របសម្រួលពីអន្តរជាតិ ៕


ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





