គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបន្តដាក់គោលដៅត្រួតពិនិត្យរកសារធាតុញៀន អាវុធជាតិផ្ទុះ និងការលួចចូលមករស់នៅខុសច្បាប់របស់ជនបរទេស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- រហូតមកដល់ពេលនេះគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបន្តឱ្យសមត្ថកិច្ចចម្រុះដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ ដោយគ្មានថ្ងៃកំណត់ ដើម្បីត្រួតពិនិត្យរកសារធាតុ ញៀន អាវុធជាតិផ្ទុះ និងទប់ស្កាត់លើជនបរទេសខុសច្បាប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្រ្តខេត្តលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសការលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scam) ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជ
រដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសទាំងនេះរហូតអស់ពីប្រទេសកម្ពុជា។

ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរមនុស្ស និងការចាប់ជំរិត ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលលួចចូលមករស់នៅក្នុងខេត្តដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានាឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន និងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





