សម្តេចធិបតី ចង់កសាងសន្តិភាពមួយយូរអង្វែងជាមួយនាយករដ្ឋមន្ត្រីថៃដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃអាចបន្តរួមរស់នៅជិតគ្នាក្នុងសុខក្សេមក្សាន្ត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦--
«ចំពោះព្រំដែនទឹក កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរនៃការដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ពីព្រោះសម្តេចចង់កសាងជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន នូវសន្តិភាពមួយយូរអង្វែងដែលនឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃអាចបន្តរួមរស់នៅជិតគ្នាក្នុងសុខក្សេមក្សាន្ត»។ នេះជាការថ្លែងរបស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ។

ក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង "កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន"នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅក្នុងអតីតកាលនិងអរគុណឯកឧមត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមទាំងពីរក្នុងការជួយសម្រួលរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។

ដូចគ្នាដែរ សម្ដេចធិបតី ក៏មិនភ្លេចសម្ដែងអំណរគុណដែរដល់បណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ជាពិសេសក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ដែលបានបន្តនិងជួយត្រួតពិនិត្យការអនុវត្តន៍បទឈប់បាញ់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
សូមរម្លឹកជូនថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ។
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង ដោយបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់គឺ JBC, GBC និង RBC នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ។
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





